ភ្នំពេញ ៖ ម៉ូតូសណ្តោងរុឺម៉កដឹកទឹកត្រីមួយគ្រឿង បើកដោយស្ត្រីម្នាក់ បោលលឿនជ្រុលធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ ជាអកុសលបានស្លាប់ក្រោយដឹកបញ្ជូនដល់មន្ទីរពេទ្យ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវលំ ក្នុងភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះឈ្មោះ ហ៊ុន ហ៊ួយ អាយុ២៨ឆ្នាំ មុខរបរលក់ទឹកត្រី ស្នាក់នៅបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិ ស្ទឹងសន្តិភាព ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ស្រ្តីរងគ្រោះ បើកម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ អូសសណ្តោងរុឺម៉ក ដឹកទឹកត្រី ពីលិចទៅកើត ដល់ចំណុចកើតហេតុ លឿនគេចជ្រុល បោលធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ បណ្តាលឲ្យស្ត្រីជាអ្នកបើកបររងរបួសធ្ងន់ នៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុភ្លាមៗត្រូវបានពលរដ្ឋជួយគាស់យកជនរងគ្រោះចេញ រួចដឹកបញ្ជូនទៅមន្ទីរពេទ្យ តែជាអកុសល ជនរងគ្រោះបានស្លាប់ នៅវេលាម៉ោង៥ល្ងាចថ្ងៃដដែលនេះ ។ រីឯម៉ូតូសណ្តោងរុឺម៉ក ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅផ្នែកជំនាញនៃអធិការដ្ឋានខណ្ឌជាបណ្តោះអាសន្ន ៕

អត្ថបទ÷តាតុងសែនជ័យ

Share.