ថ្នាក់ដឹកនាំសំខាន់ៗ រួមមានសម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប និងឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធានអង្គភាព និងមន្រ្តីជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធ បានបើកិច្ចប្រជុំពិនិត្យ ពិភាក្សា សេចក្ដីព្រាងច្បាប់សំខាន់ៗពាក់ព័ន្ធនឹងធនធានធម្មជាតិចំនួន៣ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ។

សេចក្ដីព្រាងច្បាប់ទាំង៣នោះ រួមមានសេចក្ដីព្រាងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ សេចក្ដីព្រាងច្បាប់ស្ដីពីព្រៃឈើ និងសេចក្ដីព្រាងច្បាប់ស្ដីពីជលផល។ ការប្រជុំពិនិត្យពិភាក្សាសេចក្ដីព្រាងច្បាប់ទាំង៣ នៅក្នុងកិច្ចប្រជុំ គ.ជ.អ.ប. នាពេលនេះ គឺក្នុងគោលដៅធ្វើឱ្យស្របតាមបន្ទាត់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីជំរុញ និងលើកកម្ពស់ការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋក្នុងការការពារ ការអភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៅកម្ពុជា។

សូមបញ្ជាក់ថាសេចក្ដីព្រាងច្បាប់ទាំង៣នេះ គឺជាច្បាប់ថ្មីដែលនឹងមកជំនួសច្បាស់ចាស់។ ច្បាប់ស្ដីពីតំបន់ការពារធម្មជាតិដែលកំពុងនៅជាធរមាន ត្រូវបានប្រកាសឱ្យប្រើកាលពីឆ្នាំ២០០៨ ច្បាប់ស្ដីពីព្រៃឈើ ត្រូវបានប្រកាសឱ្យប្រើកាលពីឆ្នាំ២០០២ និងច្បាប់ស្ដីពីជលផល ត្រូវបានប្រកាសឱ្យប្រើកាលពីឆ្នាំ២០០៦។ ការតាក់តែងសេចក្ដីព្រាងច្បាប់ថ្មី បានធ្វើឡើងក្នុងបរិបទដែលរាជរដ្ឋាភិបាលបាននិងកំពុងផ្ទេមុខងារ សិទ្ធិអំណាច និងធនធាន កាន់តែច្រើនមកឱ្យរដ្ឋបាលថ្នាក់រក្រោមជាតិ ក្នុងនោះក៏មានការពាក់ព័ន្ធដល់ការអនុវត្តច្បាប់ថ្មីផងដែរ៕

Share.