ភ្នំពេញ៖ បុរសជាអ្នកបើកបររថយន្តក្រុមហ៊ុនខារ៉ាបាវម្នាក់ ខណៈដែលកំពុងជិះម៉ូតូវិលត្រឡប់មកពីរកទិញបបរវិញ ត្រូវបានរថយន្ត Prius បើកបុករងរបួសបាក់ជើងឆ្វេង៣កំណាត់ ភ្លាមៗអ្នកបើកបររថយន្តជាស្ត្រីម្នាក់ចុះដើរចូលផ្ទះបាត់ ទុកតែរថយន្តនៅកន្លែងកើតហេតុ។ ហេតុការណ៍ខាងលើកើតឡើងនៅក្នុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈួ វ៉ាន់ឆៃ ហៅវាសនា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ បើកបររថយន្តឲ្យក្រុមហ៊ុនភេសជ្ជៈ ខារ៉ាបាវ រស់នៅក្បែរកន្លែងកើតហេតុ មានស្រុកកំណើតនៅឯខេត្តព្រៃវែង ។ ហើយមុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដាឌ្រីម សេរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1W-0744 វិលត្រឡប់មកពីរកទិញបបរវិញ ឆ្ពោះទៅផ្ទះ តាមផ្លូវបេតុងក្នុងបុរី ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត Prius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-4546 បើកបរដោយស្រ្តីម្នាក់ ដែលមានទីលំនៅ ផ្ទះក្បែរនោះ បើកពីលិចទៅកើត បុកពេញទំហឹង បណ្តាលឲ្យរងរបួសបាក់ជើងឆ្វេង៣កំណាត់ ហើយរយ៊ែររថយន្តថយក្រោយវិញ អ្នកបើកបរចុះដើរទៅចូលផ្ទះបាត់ ។

ករណីគ្រោះថ្នាក់ចរាចរខាងលើ បង្កឲ្យបុរសម្នាក់រងរបួសធ្ងន់ បាក់ជើងឆ្វេង៣កំណាត់ រថយន្តរងខូចខាតផ្នែកខាងមុខ ម៉ូតូរងខូចខាតខ្ទេចមួយចំហៀងខាងស្តាំ ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជន រស្មី ដឹកយកទៅ ចំណែកមធ្យោបាយទាំង២គ្រឿង ទោះជាសាច់ញាតិភាគីសងខាងជជែកយ៉ាងណាក៏មិនត្រូវគ្នាដែរ សម្រេចប្រគល់ឲ្យសមត្ថកិច្ចជំនាញវាស់វែងរកខុសត្រូវ រួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជាបណ្តោះអាសន្ន ៕

Share.