ភ្នំពេញ ៖ ម្ចាស់ស្រែកយំសោកស្ដាយព្រោះបាត់ម៉ូតូទាំងព្រឹក ខណៈដែលចោរបានលួចកាច់ ក ម៉ូតូក្រោយខ្នង ហើយជិះយកទៅបាត់ដោយសុវត្ថិភាព។​ ហេតុការណ៍នេះកើតឡើងនៅចំណុច កន្លែងលក់បន្លែតាមចិញ្ចើមផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាពញរឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៦និង៣០នាទីព្រឹក។

ជនរងគ្រោះឈ្មោះ ឃុត សុភ័ក្រ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ លក់បន្លែ មានប្តីឈ្មោះ ទួន ចាយ អាយុ៤៧ឆ្នាំ មុខរបរ លក់បន្លែ មានទីលំនៅ ក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ចំណែកម៉ូតូ ដែលជនសង្ស័យ ធ្វើសកម្មភាព លួចយកទៅបាត់នោះ ម៉ាកហុងដាឌ្រីម សេរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1IN-4137 មានចងថង់បន្លែ សាច់ ជាប់ជាមួយផង ។

បើតាមសម្តីស្ត្រីរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គាត់ជិះម៉ូតូមករកទិញបន្លែ សាច់ នៅផ្សារជម្ពូវ័ន ដើម្បីយកទៅលក់បន្តនៅខណ្ឌកំបូល ហើយទិញបានមួយចំនួនហើយ ចងដាក់លើម៉ូតូ ដែលចតទុក ចាក់សោត្រឹមត្រូវ ក្បែរកន្លែងទិញបន្លែ នៅសល់តែគ្រឿងទេស កំពុងតែរើសប្រមូលចក្រថង ស្រាប់តែឮសូរសម្លេងបញ្ឆេះម៉ូតូក្រោយខ្នង ក្រឡេកមើល ឃើញជនសង្ស័យកាច់សោក ជិះចេញទៅហើយ រត់ដេញតាមចាប់ផង ស្រែកផង តែគ្មានអ្នកជួយ ជនសង្ស័យជិះគេចទៅបាត់ស្រមោល ។

ពលរដ្ឋបានលើកឡើងថា បទល្មើសលួចឆក់ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ កើតមានរាល់ថ្ងៃ លួច ឆក់ មិនស្វាង គ្មានទំនេរថ្ងៃណាមួយ សមត្ថកិច្ចចាប់មិនចេះអស់ គ្រាន់តែក្នុងថ្ងៃទី០៧ ម្សិលមុិញ បទល្មើសកើតឡើងចំនួន៥ករណីផ្សេងគ្នា ឆក់២ករណី លួចម៉ូតូ៣ករណី ជាតួរលេខមួយគួរឲ្យព្រួយបារម្ភ ក្នុងមួយថ្ងៃៗឃើញតែជនរងគ្រោះ ទៅប្តឹងសមត្ថកិច្ច៕

Share.