ក្នុងកិច្ចប្រជុំលើកទី២០ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី និងជាប្រធាន គ.ជ.អ.ប បានថ្លែងជម្រះមន្ទិលជូនកិច្ចប្រជុំ នៅពេលមានការលើកឡើងថាក្រសួងមហាផ្ទៃជាក្រសួងក្ដោបយកសិទ្ធិអំណាចពីក្រសួងផ្សេងៗ។ សម្ដេចបានថ្លែងក្នុងឱកាសដែលកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី នៃក្រសួងស្ថាប័នពាក់ព័ន្ធ និងជាសមាជិក គ.ជ.ប.អ.ប។

សម្ដេចបន្តថា ក្នុងដំណាក់កាលនៃការអនុវត្តកម្មវិធីជាតិលើកទី១ (២០១០-២០២០) រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ននានា រួមទាំងក្រសួងមហាផ្ទៃផងដែរ បានផ្ទេរមុខងារ សិទ្ធិអំណាច និងធនធានមួយចំនួនទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយកិច្ចការនេះបានរៀបចំឡើងជាជំហានៗ តាមដំណាក់កាលនីមួយៗដោយមានការពិភាក្សា ការពិគ្រោះយោបល់ និងការឯកភាពស្រុះស្រួលគ្នា ប៉ុន្តែកន្លងមក មានការលើកឡើងថាការធ្វើកំណែទម្រង់វិមជ្ឈការ ឬការផ្ទេរមុខងារទាំងនេះ គឺជាការប្រមូល ឬការផ្ទេរសិទ្ធិអំណាចមកឱ្យក្រសួងមហាផ្ទៃ។

សម្ដេចបានចាត់ទុកការយល់ឃើញខាងលើនេះថាការមិនត្រឹមត្រូវ ដ្បិតច្បាប់រៀបចំអង្គការបានតម្រូវឱ្យបង្កើតគណៈកម្មាធិការអន្តរក្រសួងមួយគឺ គ.ជ.អ.ប. ដែលមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាប្រធាន ឬអាចកំណត់បានថា ជាក្រសួងនាំមុខក្នុងការសម្របសម្រួលដំណើរការកំណែទម្រង់នេះ ហេតុនេះក្នុងនាម គ.ជ.អ.ប. សម្ដេចបញ្ជាក់ជូនថាការធ្វើវិមជ្ឈការគឺជាការផ្ទេរសិទ្ធិអំណាច ផ្ទេរមុខងារ ផ្ទេរធនធាន និងផ្ទេរការទទួលខុសត្រូវទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ឬអាចនិយាយម្យ៉ាងទៀតថា ជាការផ្ទេរសិទ្ធិអំណាចទៅឱ្យប្រជាពលរដ្ឋតាមរយៈក្រុមប្រឹក្សាជាប់ឆ្នោតនៅថ្នាក់ក្រោមជាតិដែលជាតំណាងរបស់ខ្លួន គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងសហគមន៍នៅ តាមមូលដ្ឋាននីមួយៗ។

បើតាមសម្ដេចក្រឡាហោម ស ខេង ក្នុងដំណើរការធ្វើវិមជ្ឈការ និងវិសហមជ្ឈការកន្លងមកនេះ ក្រសួងមហាផ្ទៃ បានផ្ទេរសិទ្ធិអំណាច មុខងារ ធនធាន និងការទទួលខុសត្រូវជា ច្រើនរួចមកហើយទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមានដូចជា ការផ្ទេរសិទ្ធិអំណាច ធនធាន និងការទទួលខុសត្រូវលើការគ្រប់គ្រងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ការផ្ទេរបុគ្គលិកក្របខណ្ឌក្រសួងមហាផ្ទៃប្រមាណជាង ៧.០០០នាក់ ទៅស្ថិតក្រោមការគ្រប់ គ្រងដោយផ្ទាល់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

សម្ដេចបានសង្កត់ធ្ងន់ក្នុងន័យដើមមថា «ប្រសិនបើមិនមានការផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ ក្រោមជាតិ ដំណើរការកំណែទម្រង់នេះមិនអាចចាត់ទុកថាជាដំណើរការកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការបានឡើយ ហើយរដ្ឋបាលថ្នាក់ក្រោមជាតិដែលមិនមានតួនាទី មុខងារ និងសិទ្ធិអំណាចជាក់លាក់ប្រៀបដូចជា រដ្ឋបាលដែលមានដៃទទេ មិនអាចក្លាយជារដ្ឋបាលដែលត្រូវគ្រប់គ្រងតាមគោលការណ៍នៃរដ្ឋបាលឯកភាព និងតាមបែបប្រជាធិប តេយ្យ ដែលធានាដល់ការសម្របសម្រួលរាល់សកម្មភាពរដ្ឋបាលសាធារណៈសម្រាប់ផល ប្រយោជន៍ប្រជាពលរដ្ឋនៅក្នុងដែនដីរបស់ខ្លួន ដូចដែលបានកំណត់ក្នុងច្បាប់រៀបចំអង្គការ បានឡើយ»។

នៅក្នុងឱកាសនៃកិច្ចប្រជុំនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានរម្លឹកដោយប្រៀបធៀបថាការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនាពេលបច្ចុប្បន្ន មានលក្ខណៈប្រហាក់ប្រហែលនឹងដំណើរការផ្ទេរមុខងារ ធនធាន សិទ្ធិ អំណាចពីថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងសម័យរដ្ឋកម្ពុជាដែលរដ្ឋាភិបាលនៅពេលនោះបានផ្ដល់សិទ្ធិអំណាច មុខងារ ធនធាន និងការទទួលខុសត្រូវយ៉ាងច្រើនទៅ ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយមន្ទីរ ការិយាល័យ អង្គភាពជំនាញនានាធ្វើជាសេនាធិការនិងស្ថិតក្រោមការដឹកនាំសម្របសម្រួល និងគ្រប់គ្រងដោយរដ្ឋបាលថ្នាក់ក្រោមជាតិ នីមួយៗដែលពេលនោះហៅថាគណៈកម្មាធិការប្រជាជនខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។

សម្ដេចបន្តថា គោលបំណងសំខាន់នៃការបែងចែកឡើងវិញនូវមុខងារ សិទ្ធិអំណាច តួនាទី ភារកិច្ច និង ការទទួលខុសត្រូវក្នុងចំណោមស្ថាប័នសាធារណៈ គឺដើម្បីធានាដល់ការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពសេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានស្របតាមគោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យសំដៅចូលរួមចំណែកលុបបំបាត់ភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាប័ន្ន យុត្តិធម៌ និងសមធម៌សង្គម៕

Share.