ភ្នំពេញ ៖ ហាងម៉ាស្សាចំនួន២ទីតាំងផ្សេងគ្នា ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន ស្នងការរាជធានីភ្នំពេញ ចុះទៅបង្ក្រាប ពាក់ព័ន្ធទៅនឹងប្រព្រឹត្តអំពើសញ្ចារកម្ម ឃាត់ខ្លួនម្ចាស់ទីតាំង និងនារីម៉ាស្សាចំនួន៨នាក់ ក្នុងនោះមានអនីតិជន២នាក់ ។

ប្រតិបត្តិការខាងលើបានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ នៅហាងម៉ាស្សាយុីហោ (កុលាបក្រហម ១៦៨) នៅផ្ទះលេខ៣៣ ផ្លូវបេតុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ឃាត់ខ្លួនម្ចាស់ទីតាំង ឈ្មោះ ប៉ក់ ឧត្តម ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ថៅកែហាងម៉ាស្សា ចំនួន២ទីតាំង ឃាត់ខ្លួននារីម៉ាស្សា២នាក់ ។ ហាងម៉ាស្សាគ្មានឈ្មោះ តែម្ចាស់ ថៅកែ តែមួយ នៅផ្ទះលេខ២៨១ ផ្លូវបេតុងទី១ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ឃាត់នារីម៉ាស្សា នាន០៦នាក់ ក្នុងនោះមានអនីតិជន០២នាក់ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ទទួលផែន ការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននិងការងារយេនឌ័រ ដោយមានការសម្របសម្រួលពីលោក ទី មុនិន្ទ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ទើបកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដឹកនាំដោយលោកវរសេនីយ៍ទោ ហាក់ លី នាយការិយាល័យ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះអនុវត្តចំណារអនុញ្ញាតិឲ្យបង្ក្រាបជាក់ស្តែងលេខ ២៤៣ អ.យ.ក ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ របស់អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនថៅកែ ទាំង២ទីតាំង ម្ចាស់តែមួយ នារីម៉ាស្សា សរុប៨នាក់ អនីតិជន២នាក់ រួមជាមួយវត្ថុតាង ។

ម្ចាស់ទីតាំងម្នាក់ ត្រូវបានឃាត់ខ្លួននាំទៅសាកសួរនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកនារីម៉ាស្សា៧នាក់ ត្រូវបានប្រគល់ឲ្យមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.