ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៨ខែធ្នូឆ្នាំ២០២២ បានសម្រេចឃុំខ្លួនជនត្រូវ ចោទឈ្មោះ YANG CHIN CHUNG ភេទ ប្រុស អាយុ៤៦ ឆ្នាំ ជនជាតិចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ 360672244 ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បម្រុងនាំថ្នាំញៀនជាង២គីឡូក្រាម ឡើងយន្តហោះពីកម្ពុជាទៅ ក្រុងតៃប៉ិ។

សូមរំលឹកថា ដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ កម្លាំងសមត្តកិច្ចនគរបាលជំនាញ(ក១០)ដឹក នាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកឧត្តមសេនីយ៍ត្រី យឹម សែនឧត្តម នាយករងមន្ទីរ បានចុះទៅសហការជាមួយសមត្ថកិច្ចគយ ប្រចាំនៅអាកាសយនានដ្ឋានអន្តរជាតិភ្នំពេញ(ច្រកអ្នកដំណើរចេញ)ត្រួតពិនិត្យ និងឆែកឆេរអ្នកដំណើរ មិនប្រក្រតី ។ ក្នុងនោះក៏បានរកឃើញជនជាតិចិនតៃវ៉ាន់ម្នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនសារធាតុញៀនដោយខុសច្បាប់ ពីកម្ពុជាមានគោលដៅច្បាស់លាស់ទៅក្រុងតៃប៉ិ (កោះតៃវ៉ាន់) តាមច្រក ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមានលាក់ទុកសារធាតុញៀនប្រភេទ”ហេរ៉ូអ៉ីន”ចំនួន០៨ដុំ ទម្ងន់២ ៧៩៩.៧៩ក្រាមស្មើ ជិត៣គីឡូក្រាម ដែលជនសង្ស័យបានរុំលាក់ទុកបិទជាប់នឹងដង ខ្លួន ក្នុងទិសដៅដឹកជញ្ជូនសារធាញៀនចេញពីប្រទេសកម្ពុជា ទៅកាន់ទីក្រុងតៃប៉ិ (កោះតៃវ៉ាន)តាមរយៈជើងហោះហើរក្រុមហ៊ុន (EVAAIR) BR0266/03DEC ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចគយ ប្រចាំអាកាសយានដ្ឋានអន្តរជាតិ បានប្រគល់ជនសង្ស័យ និងវត្ថុតាងឲ្យទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីបន្តនីតិវិធីទៅតុលាការ ៕

អត្ថបទ៖ចតុមុខ

Share.