ប្រធានផ្នែកទេសចរណ៍របស់កោះបាលី លោក Tjokorda Bagus Pemayun បាននិយាយថា ជនបរទេសមិនគួរត្រូវបានរារាំងពីការមកលេងកំសាន្ដនៅកោះ ព្រោះតែច្បាប់ថ្មីដែលសភាឥណ្ឌូនេស៊ី ដាក់ចេញមិនឲ្យរួមភេទមុនរៀបការនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ព្រហស្បតិ៍ ទី ០៨ ខែ ធ្នូ ឆ្នាំ ២០២២។

នៅក្រោមក្រមព្រហ្មទណ្ឌថ្មីដែលបានអនុម័តកាលពីថ្ងៃ អង្គារ ទី ០៦ ខែ ធ្នូ សប្ដាហ៍នេះ ដែលកំណត់មិនឲ្យរួមភេទមុនរៀបអាពាហ៍ពិពាហ៍ ឬ លួចលាក់រួមរស់ជាមួយគ្នា (ផិតក្បត់) នោះទេ ប្រសិនបើគេរកឃើញល្មើសនឹងច្បាប់ថ្មីនេះ នោះអាចជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ១០លានរូពី ស្មើនឹង ៦៤០ដុល្លារអាមេរិក។

យ៉ាងណាក៏ដោយ មានតែអាណាព្យាបាល ឪពុកម្ដាយ ប្ដីប្រពន្ធ ឬ កូនរបស់អ្នកប្រព្រឹត្តល្មើសច្បាប់ប៉ុណ្ណោះ ដែលអាចរាយការណ៍ទៅអាជ្ញាធរ។

សេចក្ដីព្រាងច្បាប់នេះបានធ្វើឲ្យមានការលើកឡើងពីការព្រួយបារម្ភថា ជនបរទេសនឹងត្រូវបានរារាំងពីការធ្វើដំណើរទៅកាន់ប្រទេស ឥណ្ឌូនេស៊ី រួមទាំងទៅកាន់តំបន់រមណីយដ្ឋានពេញនិយម កោះបាលី នេះផងដែរ។

យ៉ាងណាម៉ិញ លោក Pemayun បានផ្ដល់ការសម្ភាសន៍ជាមួយសារព័ត៌មាន CNA ថា អ្នកដំណើរដែលមកទីនេះ មិនមានហេតុផលណាសម្រាប់ការព្រួយបារម្ភពីច្បាប់ថ្មីនោះទេ។ លោកសង្កត់ធ្ងន់ថា «កុំព្រួយបារម្ភ ព្រោះផ្អែកលើការពិភាក្សារបស់យើងជាមួយសមាគមសណ្ឋាគារ និង តំបន់ទេសចរណ៍ផ្សេងៗ សណ្ឋាគារនឹងមិនស្នើសុំឲ្យបញ្ជាក់អំពីឯកសារអាពាហ៍ពិពាហ៍អ្វីនោះទេ ដោយយើងនឹងធានាភាពឯកជនរបស់ពួកគេ»។

ការលើកឡើងរបស់ប្រធានផ្នែកទេសចរណ៍ខាងលើ បានកើតឡើងចំពេលមានការព្រួយបារម្ភថា ក្រមព្រហ្មទណ្ឌថ្មីនេះ អាចធ្វើឲ្យមានការប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី ដែលទើបតែងើបឡើងវិញពីជំងឺរាតត្បាតកូវីដ១៩។

សូមជម្រាបថា កាលពីថ្ងៃ អង្គារ សមាជិកសភាឥណ្ឌូនេស៊ីបានអនុម័តជាឯកច្ឆ័ននូវក្រមព្រហ្មទណ្ឌថ្មី ដែលនឹងដាក់ទោសការរួមភេទមុនការរៀបអាពាហ៍ពិពាហ៍ឲ្យជាប់ពន្ធនាគារ និង ពិន័យជាប្រាក់ ដោយក្រមនេះក៏នឹងអនុវត្តចំពោះជនបរទេស និង អ្នកទេសចរណ៍ផងដែរ៕

ប្រភព៖ CNA

ចុចអាន៖ ច្បាប់ថ្មី៖ បើមិនចង់ជាប់គុ. ក ហាមរួម.ភេទមុនរៀបការ

Share.