ភ្នំពេញ៖នៅថ្ងៃទី០៨ខែធ្នូឆ្នាំ២០២២ លោក យ៉ាន សុភាព ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនជនជាតិវៀតណាមម្នាក់ឈ្មោះ ចាំង ង៉ុងថាំង ភេទប្រុស អាយុ២៥ឆ្នាំ ដាក់ពន្ធនាគារព្រៃសម១ បណ្តោះអាសន្ន ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដោយហិង្សាវាយលើបុរសនារីជនជាតិវៀតណាមដូចគ្នា ប្រព្រឹត្តនៅចំណុចផ្លូវ កប់ស្រូវ ភូមិត្រពាំងរាំងចាស់ សង្កាត់ ឈ្មួញ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែធ្នូឆ្នាំ២០២២។

យោងតាមសារសម្លេងលោក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានឲ្យដឹងថាពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សានេះសមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនជនសង្ស័យ។ប្រភពដដែលអះអាងថា ជនសង្ស័យបាននាំជនរងគ្រោះចំនួន២នាក់ពីខេត្តព្រះសីហនុមកធ្វើការភ្នំពេញវិញ តែនៅពេលមកដល់ម្តុំទំនប់កប់ស្រូវពេលនោះជនរងគ្រោះទាំង២នាក់បានរត់ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសាកសួរជនរងគ្រោះទើបបែករឿង ហើយភ្លាមៗនោះសមត្ថកិច្ចក៏បានឃាត់ជនសង្ស័យ១នាក់ពាក់ព័ន្ធនឹង បទហិង្សាដោយចេតនានិងបទ.រក្សាទុកនិងប្រើប្រាស់សារធាតុញៀន។

តាមសារសម្លេងនេះដែរចំពោះជនរងគ្រោះទាំង២នាក់សមត្ថកិច្ចខណ្ឌក៏បានប្រគល់ទៅសមត្ថកិច្ចការិយាល័យជំនាញខាងអន្តោប្រវេសន៍ដើម្បីធ្វើការសាកសួរ ហើយក្រោយពីការពិនិត្យឯកសារគ្មានឯកសារផ្លូវការអ្វីទាំងអស់។បើតាមសមត្ថកិច្ច ជនរងគ្រោះទាំង២នាក់នេះនឹងត្រូវបណ្តេញពីប្រទេសកម្ពុជារង់ចាំសុំគោលការណ៍ពីថ្នាក់ដឹកនាំសិន៕

អត្ថបទ៖ចតុមុខ

Share.