បាត់ដំបង៖ ពលរដ្ឋផ្ទុះការភ្ញាក់ផ្អើលជជែកដេញដោលខ្លាំងតាមបណ្តាញសង្គម ខណ:ទៅលេងនៅរមណីយដ្ឋានភ្នំសំពៅមានភ្នាក់ងារលក់សំបុត្ររាប់ក្បាលឡានយកលុយពីភ្ញៀវទេសចរ។

ប្រជាពលរដ្ឋមកពីខេត្តបន្ទាយមានជ័យ ក៏ដូចជាពលរដ្ឋរស់នៅក្នុងទីក្រុងបាត់ដំបង រយ:ពេល ២ថ្ងៃចុងក្រោយនេះបានលើកឡើងនៅក្នុងបណ្តាញព័ត៌មានសង្គមជាបន្តបន្ទាប់ថា÷ ថ្មីៗកន្លងមកនេះពួកគាត់រួមជាមួយក្រុមគ្រួសារបានឆ្លងខេត្តមកលេងកម្សាន្តនៅរមណីយដ្ឋានភ្នំសំពៅ ប៉ុន្តែមិនដូចកាលពីមុនឡើយដោយនៅមាត់ច្រកផ្លូវចូលមានកុងត្រូលប្រចាំការដោយស្ត្រីម្នាក់ចាំកាក់លក់សំបុត្រថ្លៃចូលឡើងភ្នំលេង លើម៉ូតូ និងរថយន្តនានា។

ចំណែកឯម្ចាស់ផេកហ្វេសប៊ុកឈ្មោះ Vichet Battambang បានបញ្ជាក់ស្រដៀងគ្នាដែរថា÷ ខណ:ពេលដែលគាត់ទៅចូលលេងកម្សាន្តស្រាប់តែមានស្ត្រីម្នាក់បានទាញប្រយោជន៍ពីរមណីយដ្ឋានដែលជាសម្បត្តិធម្មជាតិ សម្បត្តិរបស់រដ្ឋមកធ្វើអាជីវកម្មលក់សំបុត្រថ្លៃចូលទស្សនាមិនត្រឹមតែភ្ញៀវបរទេសទេ ថែមទាំងលក់សំបុត្រឲ្យដល់ភ្ញៀវក្នុងស្រុកថែមទៀត ដោយក្នុងនោះក្នុងម៉ូតូមួយលក់សំបុត្រតម្លៃ ២០០០រៀល, រថយន្តធុនតូចចំនួន ៨០០០ រៀល និងរថយន្តធុនធំថ្លៃសំបុត្រចូលចំនួន ១០០០០រៀលដែលប្រការខាងលើនេះពិតជាមិនត្រឹមត្រូវ ហើយគាត់យកលុយនោះទៅធ្វើអ្វី ជួយអ្វីខ្លះ។

ប្រភពដដែលបន្តថា÷ លោកទទួលសុំឲ្យខាងមន្ទីរទេសថរណ៍ ពិសេសឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ជួយពិនិត្យមើលរឿងនេះផង។

ជុំវិញបញ្ហាខាងលើលោក ស្រេង សុខា អភិបាលស្រុកបាណន់បានលើកឡើងថា ការលក់សំបុត្រថ្លៃក្បាលឡាននេះជាការហូតភាស៊ីដោយមានសិទ្ធត្រឹមត្រូវដេញថ្លៃតាមផ្លូវច្បាប់ តាមរយ:មន្ទីរទេសចរណ៍ខេត្ត ដោយសម្រាប់ម៉ូតូលក់ក្នុងតម្លៃ ១០០០រៀល និងរថយន្តលក់ថ្លៃ ៥០០០រៀល។ នៅក្នុងភូមិសាស្ត្រស្រុកបាណន់មានរមណីយដ្ឋានចំនួន ០២ ដែលបានអនុវត្តន៍លក់ថ្លៃភាស៊ីដូចគ្នានេះ គឺរមណីយដ្ឋានភ្នំសំពៅ និងរមណីយដ្ឋានប្រាសាទបាណន់ ឋិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង៕

អត្ថបទ៖ ដំបងក្រញូង

Share.