ភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់ជាគ្រូបង្រៀននៅវិទ្យាល័យពងទឹក រងរបួសធ្ងន់ ចំណែកមនុស្ស៣នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរមួយកើតឡើង រវាងម៉ូតូហុងដាឌ្រីមបើកបុកជាមួយម៉ូតូហុងដាឌ្រីមមួយញ្រឿងទៀត កាលពីវេលាម៉ោង៧យប់ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ នៅផ្លូវបេតុងចូលផ្សារទួលសំបូរ ភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ភាគីខាងម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DH-0978 បើកដោយស្ត្រីឈ្មោះ ខាន់ សុខជា អាយុ៥៣ឆ្នាំ មុខរបរគ្រូបង្រៀន នៅវិទ្យាល័យពងទឹក មានទីលំនៅភូមិព្រៃវែងខាងកើត សង្កាត់ ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ (រងរបួសធ្ងន់ ) ។ រួមដំណើរដោយ ឈ្មោះ ខាត់ សុផានិត ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ ព្រៃវែងខាងកើត ក្បែរកន្លែងកើតហេតុ ។

ចំណែកភាគីម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1N-7721 អ្នកបើកបរមានឈ្មោះ អេង សុគុន្ធ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ រួមដំណើរដោយឈ្មោះ អេង ច័ន្ទរ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ត្រូវជាបងប្អូននឹងគ្នា ស្នាក់នៅជាមួយគ្នា ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ភាគីខាងអ្នកគ្រូបង្រៀន គាត់ជិះឌុបគ្នា ពីលិចទៅកើត ដល់កន្លែងកើតហេតុ បត់ស្តាំទៅផ្ទះ ស្រាប់តែ ភាគីខាងម៉ូតូជិះ២នាក់បងប្អូន ល្បឿនលឿន ពីត្បូងទៅជើង ជ្រុលបុកពេញទំហឹង បណ្តាលឲ្យអ្នកគ្រូ រងរបួសធ្ងន់ ចំណែក៣នាក់ទៀតរងរបួសស្រាល ។

ក្រោយកើតហេតុ អ្នកគ្រូបង្រៀន ខាន់ សុខជា ត្រូវបានរថយន្តគ្លីនិកឯកជន សួគ៌ា ដឹកយកទៅ ។ ចំណែកម៉ូតូទាំង២គ្រឿង រួមទាំងបុរសម្នាក់ជាភាគីម៉ូតូម្ខាងទៀត ត្រូវបានឃាត់ខ្លួន ប្រកល់ជូនការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែងយកទៅរក្សាទុក រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.