ភ្នំពេញ ៖ បុរសម្នាក់រងរបួសបាក់ជើងឆ្វេង ចំណែកស្ត្រីម្នាក់ទៀតត្រូវជាបង រងរបួសធ្ងន់ធ្ងរ បាក់ជើង បែកប្លោកនោម សន្លប់ឈឹង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរមួយកើតឡើង ដោយរថយន្តដឹកបេតុងបើកលឿនបុកពីក្រោយម៉ូតូហុងដាBeat ជាប់ពីក្រោយអូសជិត៥០ម៉ែត្រ ទើបឈប់តៃកុងលោតចុះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ទល់មុខដេប៉ូតេលា ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង២នាក់ មានឈ្មោះ ជី សុខលួត ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសធ្ងន់ធ្ងរ បាក់ជើងឆ្វេង និងបែកប្លោកនោម ។ ចំណែកប្អូនប្រុស ឈ្មោះ នឹម នីម អាយុ២២ឆ្នាំ រងរបួសបាក់ជើងឆ្វេង ។ ទាំង២នាក់បងប្អូន មានទីលំនៅ ភូមិតាអុិន សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

បើតាមប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ម៉ាកហុីយ៉ាន់ដាយ ដឹកបេតុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-3660 បើកលឿនពីត្បូងទៅជើង ដល់ចំណុចកើតហេតុបុកទាំងកំរោល ពីក្រោយម៉ូតូហុងដាBeat ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JL-9060 កំពុងជិះឌុបគ្នា២នាក់បងប្អូនពីត្បូងទៅជើងស្របទិសគ្នា បណ្តាលឲ្យរងរបួស ប្អូនប្រុសបាក់ជើងឆ្វេង បងស្រីក៏បាក់ជើងឆ្វេង ហើយចំពោះទៀត បែកប្លោកនោម ក្នុងស្ថានភាពធ្ងន់ធ្ងរ រថយន្តដែលជាប់ម៉ូតូពីក្រោម បន្តបើកអូសជិត៥០ម៉ែត្រ ទើបឈប់ តៃកុងរថយន្តបើកទ្វារលោតចុះរត់គេចបាត់ស្រមោល ។

ករណីគ្រោះថ្នាក់ចរាចរខាងលើ ជនរងគ្រោះទាំង២នាក់បងប្អូន ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ ។ ដោយស្ត្រីរងរបួសធ្ងន់ធ្ងរពេក ត្រូវបានសាច់ញាតិនាំយកទៅង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈវិញ ។ រីឯមធ្យោបាយទាំង២ មានរថយន្តនិងម៉ូតូ សមត្ថកិច្ចជំនាញចុះពិនិត្យរួច ប្រគល់ឲ្យការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ ចាត់ចែងវាស់វែង យកទៅរក្សាទុក រងចាំដោះស្រាយតាមនីតិវិធី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.