ក្រុម​បាល់បោះជម្រើសជាតិចិន

ក្រុម​បាល់​បោះ​ជម្រើស​ជាតិ​ចិន បាន​ប្រកួត​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​ជប៉ុន ដោយ​លទ្ធផល​៦៦ទល់​៥៧ នៅ​រសៀល​ថ្ងៃ​ពុធ ទី​១៦​ខែ​មិថុនា ឆ្នាំ​២០២១ នេះ​ក្នុង​​ពូល B ប្រចាំ​វគ្គ​ជម្រុះ​បាល់​បោះ​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី 2021 FIBA Asia Cup ដែល​កំពុង​តែ​ធ្វើ​នៅ​​ AUF Sports and Cultural Center ក្នុង​ទីក្រុង Angeles នៃ​ខេត្ត​Pampanga ប្រទេស​ហ្វីលីពីន។

ក្រោយ​មាន​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​សម្រេច​ប្តូរ​ពេល​វេលា​ប្រកួត​ខ្លះ​នៅ​តាម​ពូល​នីមួយៗ ខណៈ​ពូល B នេះ​​មាន​​ជប៉ុន តៃវ៉ាន់ ចិន និង​ម៉ាឡេស៊ី។

លទ្ធផល​កន្លង​មក និង​កម្មវិធី​​ប្រកួត​បន្ទាប់​ក្នុង​ពូល B៖
-២១ កុម្ភៈ ២០២០ តៃវ៉ាន់ ១៥២-៤៨ ម៉ាឡេស៊ី នៅ​តៃវ៉ាន់
-២៤ កុម្ភៈ ២០២០ តៃវ៉ាន់ ៥៧-៩៦ ជប៉ុន នៅ​តៃវ៉ាន់
-១៦ មិថុនា ២០២១ ជប៉ុន ៥៧-៦៦ ចិន នៅ​ហ្វីលីពីន
-១៧ មិថុនា ២០២១ តៃវ៉ាន់ Vs ចិន នៅ​ហ្វីលីពីន
-១៨ មិថុនា ២០២១ ជប៉ុន vs តៃវ៉ាន់ នៅ​ហ្វីលីពីន
-១៩ មិថុនា ២០២១ ចិន Vs ជប៉ុន នៅ​ហ្វីលីពីន
-២០ មិថុនា ២០២១ ចិន Vs តៃវ៉ាន់ នៅ​ហ្វីលីពីន

ចំណែក​ប្រកួត​ផ្សេង​ៗ​របស់​ម៉ាឡេស៊ី ដែល​ត្រូវ​ជួប​ក្រុម​ទាំង​៣ នេះ​នៅ​មិន​ទាន់​កំណត់​នោះ​ទេ​ដោយ​សារ​ប្រទេស​នេះ មិន​អាច​ចេញ​មក​ប្រកួត​បាន​ព្រោះ​មាន​ការ​ឆ្លងរីករាលដាល​ខ្លាំង​នៅ​ក្នុង​ស្រុក។

ហ្វីលីពីន ក៏​ទទួល​បាន​សិទ្ធិ​ធ្វើ​ជាម្ចាស់​ផ្ទះ​ក្នុង​វគ្គ​ជម្រុះ​ពូល A ដែរ ដែល​មាន​ក្រុម​ហ្វីលីពីន,​កូរ៉េខាងត្បូង,​ឥណ្ឌូណេស៊ី​និង​ថៃ។ ពូល​នេះ​ធ្លាប់​បាន​ប្រកួត​កន្លង​មក​ហើយ​ ខណៈ​​ប្រកួត​ដែល​នៅ​សេសសល់​មាន៖
-១៦ មិថុនា ២០២១ កូរ៉េខាងត្បូង ប៉ះ​ហ្វីលីពីន
-១៧ មិថុនា ២០២១ កូរ៉េខាងត្បូង ប៉ះ​ឥណ្ឌូណេស៊ី
-១៨ មិថុនា ២០២១ ហ្វីលីពីន ប៉ះ ឥណ្ឌូណេស៊ី
-១៩ មិថុនា ២០២១ ថៃ ប៉ះ​កូរ៉េខាងត្បូង
-២០ មិថុនា ២០២១ ឥណ្ឌូណេស៊ី ប៉ះ​ថៃ
-២០ មិថុនា ២០២១ ហ្វីលីពីន ប៉ះ​កូរ៉េខាងត្បូង

ក្រោយ​ប្រកួត​ជម្រុះ​ចប់ ក្រុម​លេខ១ និង​លេខ២ តាម​ពូល​នីមួយៗ​មាន​ឈ្មោះ​ឡើង​ទៅ​លេង​ពានរង្វាន់​ជើង​ឯក​ប្រចាំ​ទ្វីប 2021 FIBA Asia Cup ដែល​មាន​ក្រុម​សរុប​១៦ក្រុម គ្រោង​ធ្វើ​ឡើង​នៅ​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី ចន្លោះ​ថ្ងៃ​ទី​១៦ ដល់​២៨​ខែ​សីហា ឆ្នាំ​២០២១​ខាង​មុខ។ ចំណែក​ក្រុម​លេខ៣​តាម​ពូល​នីមួយៗ​មាន​ឈ្មោះ​ឡើង​ទៅ​ជម្រុះ​ជុំ​បន្ត​មួយ​ទៀត​ដើម្បី​ស្វែង​រក​កៅអី​ទៅ​បង្គ្រប់។

ជាមួយ​គ្នា​នេះ​ដែរ​ក៏​រក​ឃើញ​ក្រុម​កក់កៅអី​ឡើង​ទៅ​មុន​គេ​បណ្តើរៗ​ហើយ​ក្នុង​នោះ​មាន​ក្រុម​លីបង់ និង​បារ៉ែន ជា​ជើង​ខ្លាំង​មក​ពី​ពូល D អ៊ីរ៉ង់ និង​ស៊ីរី មក​ពី​ពូល E កាហ្សាស្ថាន និង​ស៊ីរី មក​ពូល F។

ពានរង្វាន់​បាល់បោះ​ជើង​ឯក​ប្រចាំ​ទ្វីប​ធ្វើ​ឡើង​នៅ​រាល់២ឆ្នាំ​ម្តង គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៦០ មក​ម៉្លេះ ស្រប​ពេល​ក្រុម​​ចិន ឈ្នះ​ជើង​ឯក​បាន​១៦លើក ច្រើន​ជាង​គេ​ ហើយ​ហ្វីលីពីន ឈ្នះ​៥លើក អ៊ីរ៉ង់ ឈ្នះ​៣លើក កូរ៉េខាងត្បូង​និង​ជប៉ុន ឈ្នះ​ម្នាក់​២លើក និង​អូស្រ្ដាលី ឈ្នះ​១លើក ផង​ដែរ៕

Telegram-Troryorng
Share.