នៅក្នុងជំនួប Ndola Derby រវាងក្រុម Forest Rangers FC ទល់នឹង Zesco United FC ត្រូវបានផ្អាកការប្រកួតចំនួន៣០នាទី ដោយសារឃ្មុំទិចកីឡាករ ខណ:ការប្រកួតបញ្ចប់លទ្ធផល ០-០ ក្របខណ្ឌ Zambia Super League។

មនុស្សជាច្រើននៅកីឡដ្ឋាន Levy Mwanawasa របស់ប្រទេសសំប៊ី បាននិយាយថា៖«នេះគឺជាការប៉ុនប៉ងពីសំណាក់អំពើធ្មប់ ឬវេទមន្តខ្មៅ Black Magic»។ ប៉ុន្តែយ៉ាងណាមិញគ្មានកីឡាករ ក្រុមបច្ចេកទេស ឬអ្នកគាំទ្រណាម្នាក់រងគ្រោះថ្នាក់នោះទេ។

លីគកំពូលសំប៊ី Zambia Super League រដូវកាល ២០២២-២៣ ចាប់ដំណើការពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ មាន១៨ក្រុមចូលរួម ប្រកួតវិលជុំសន្សំពិន្ទុ។

ក្រោយឆ្លងកាត់បាន១៧ប្រកួត ឃើញថាក្រុមបាល់ទាត់ Power Dynamos កំពុងឈរកំពូលតារាង ជាមួយ៣៥ពិន្ទុក្នុងដៃ ពោលគឺឈ្នះ១០ ស្មើ៥ និងចាញ់២ដង។

គួរដឹងថាក្រុមបាល់ទាត់ Zesco United FC ក្រោមការដឹកនាំរបស់លោក Mumamba Numba គឺជាក្រុមតំណាងឲ្យទ្វីបអាហ្រ្វិក ចូលរួមពានរង្វាន់ CAF Champions League ក្រោយគ្រងជើងឯកលីគកំពូល Zambia Super League រដូវកាល ២០២១៕

Share.