ក្រោយចប់ភារកិច្ចនៅប្រទេសកាតារ ត្រឹម​វគ្គ​៨ក្រុម​ចុងក្រោយ ក្នុង​ពានរង្វាន់ 2022 FIFA World Cup Qatar លោក Louis van Gaal បាន​លាឈប់ពីតំណែងនៅចុងឆ្នាំនេះជាមួយ​ក្រុម​អធិរាជ​ពណ៌ទឹកក្រូច​ ហុល្លង់​ ហើយ។

យ៉ាងណាក្តី​បើ​តាម​​សារព័ត៌មាន Eurosport បាន​និយាយ​ថា​អ្នក​ដែល​មក​ជំនួស​កៅអី​ជា​អ្នកចាត់ការ​ក្រុម​ហុល្លង់ វិញ​គឺ​ជា​អតីតគ្រូបង្វឹក FC Barcelona លោក Ronald Koeman វ័យ៥៩ឆ្នាំ ដោយ​នឹង​ចូល​ដឹកនាំ​ក្រុម​ជម្រើសជាតិហូឡង់វិញ នៅដើមឆ្នាំ២០២៣ ខាងមុខនេះ។

មូលហេតុនៃការចាកចេញរបស់លោក Louis van Gaal គឺដើម្បីសម្រាកព្យាបាលជំងឺមហារីកប្រូស្តាតរបសគាត់ នេះបើយោងតាមការចេញផ្សាយរបស់ស្ថានីយទូរទស្សន៍ប្រចាំនៅប្រទេសហូឡង់។ ដូច្នេះគ្រូបង្វឹកវ័យ៧០ឆ្នាំ រូបនេះត្រូវបង្ខំចិត្តលាឈប់ពីតំណែងមុនពេលកំណត់ បើទោះបីជាមិនអាចជួយក្រុមជម្រើសជាតិហូឡង់ឲ្យឡើងទៅជុំបន្ទាប់ក៏ដោយក្តី។

លោក Ronald Koeman

ក្រុមជម្រើសជាតិហូឡង់ មិនបានឡើងទៅជុំបន្ទាប់ក្រោយស្នើគ្នា ២-២ ពេញ ១២០នាទី ហើយបានចាញ់បាល់ប៉េណាំងទីកាត់ក្តី១១ម៉ែត្រ ក្រោមថ្វីជើងក្រុមជម្រើសជាតិអាស្សង់ទីន ដោយលទ្ធផល ៣-៤ ក្នុងជំនួបវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ពិភពលោក FIFA World Cup ២០២២ នៅកាតារ។

លោក Louis van Gaal

គួរបញ្ជាក់ថាលោក Ronald Koeman ទំនេរពីការងារចាប់តាំងពីត្រូវក្លិបអ្នកមានបុណ្យ FC Barcelona បណ្ដេញចេញពីតំណែងកាលពីខែតុលា ឆ្នាំ២០២១ កន្លងទៅ ក្រោយដឹកនាំជួបក្រុមក្លិបនៅអេស៉្បាញមួយនេះ បាននូវលទ្ធផលមិនសូវល្អផ្ទួនៗគ្នា៕

Share.