កងទ័ពឥណ្ឌា និង ចិន បានប៉ះទង្គិចគ្នានៅឯតំបន់ជម្លោះព្រំដែននៃជួរភ្នំហិម៉ាឡៃយ៉ានកាលពីសប្ដាហ៍មុន ដោយបណ្ដាលឲ្យកងទ័ពនៃប្រទេសទាំង២ ជាច្រើននាក់រងរបួស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ អង្គារ ទី ១៣ ខែ ធ្នូ ឆ្នាំ ២០២២។

យោងតាមប្រភពមួយពីយោធាឥណ្ឌាបាននិយាយថា ការប៉ះទង្គិចគ្នាជាថ្មីបានកើតឡើងកាលពីថ្ងៃទី ០៩ ខែ ធ្នូ កន្លងទៅ នៅឯតំបន់ Tawang រដ្ឋ Arunachal Pradesh របស់ឥណ្ឌាជាប់ព្រំដែនជាមួយចិន ក្រោយឥណ្ឌាបានធ្វើតាមសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក។

យ៉ាងណាម៉ិញ យោធាឥណ្ឌាបានទទួលស្គាល់ការប៉ះទង្គិចគ្នាជាមួយចិន កាលពីថ្ងៃ ចន្ទ ដើមសប្ដាហ៍នេះ ដោយបន្ថែមថា កងទ័ពរបស់ខ្លួនយ៉ាងហោចណាស់ ៦នាក់បានរងរបួស ប៉ុន្ដែខាងភាគីចិនមិនបានធ្វើការអត្ថាធិប្បាយអ្វីនៅឡើយទេ។

ដោយឡែកប្រភពមួយទៀតបានឲ្យដឹងថា កងទ័ពចិនបានចូលមកជិតតំបន់ក្បែរខ្សែបន្ទាត់នៃការត្រួតពិនិត្យ ជាកន្លែងដែលពួកគេព្រមព្រៀងគ្នាថា មិនល្បាត ក្រោយមកក៏មានការប៉ះទង្គិចគ្នា ប៉ុន្ដែភាគីទាំងសងខាងបានរំសាយចេញពីតំបន់ភ្លាមៗវិញផងដែរ។

ទាក់ទិននឹងបញ្ហានេះ មេបញ្ជាការឥណ្ឌា បានជួបប្រជុំគ្នាជាមួយសមភាគីចិន ដើម្បីពិភាក្សាអំពីបញ្ហានេះដោយអនុលោមតាមយន្ដការរចនាសម្ព័ន្ធ និង ដើម្បីស្ដារសន្តិភាពរវាងប្រទេសទាំង២។

សូមជម្រាបថា ទំនាក់ទំនងរវាងប្រទេសទាំង២ បានធ្លាក់ចុះយ៉ាងគំហុក ចាប់តាំងពីការប៉ះទង្គិចគ្នាដែលបណ្ដាលឲ្យកងទ័ពឥណ្ឌា ២០នាក់ និង ទាហានចិនយ៉ាងហោចណាស់ ៤នាក់បានស្លាប់ នៅក្នុងជម្លោះព្រំដែនដ៏ហិង្សាកាលពីខែ មិថុនា ឆ្នាំ ២០២០៕

ទំនាក់ទំនងរវាងប្រទេសទាំង២ បានធ្លាក់ចុះយ៉ាងគំហុក ចាប់តាំងពីការប៉ះទង្គិចគ្នាដែលបណ្ដាលឲ្យកងទ័ពឥណ្ឌា ២០នាក់ និង ទាហានចិនយ៉ាងហោចណាស់ ៤នាក់បានស្លាប់ នៅក្នុងជម្លោះព្រំដែនដ៏ហិង្សាកាលពីខែ មិថុនា ឆ្នាំ ២០២០៕

ប្រភព៖ CNA

Share.