ស្ថាប័ន​តំណាង​​កីឡាករ​បាល់ទាត់ពិភពលោក (FIFPRO) បានអំពាវនាវឱ្យប្រទេសអ៊ីរ៉ង់លុបចោលការ​កាត់ទោសប្រហារជីវិត ចំពោះ​កីឡាករបាល់ទាត់ Amir Nasr-Azadani ដោយលើក​ឡើង​ថា៖«មានការរន្ធត់ និង​តក់ស្លុត» ចំពោះរបាយការណ៍ប្រហារជីវិត នៅក្នុងប្រទេសអ៊ីរ៉ង់ ហើយបានអំពាវនាវឲ្យដកទណ្ឌកម្មនេះចេញវិញ»។

កីឡាករ Nasr-Azadani ធ្លាប់លេងឱ្យក្លិបមួយចំនួន ក្នុងនោះ​​រួមទាំងក្លិប Tractor នៅ​ក្របខ័ណ្ឌ Persian Gulf Pro League ផងដែរ។ រូបគេ​ត្រូវបានគេនិយាយថា ត្រូវបានចាប់ខ្លួន កាលពីខែវិច្ឆិកា ហើយត្រូវបានចោទប្រកាន់ថា បានចូលរួមក្នុងការសម្លាប់សមាជិក ៣នាក់នៃកងឆ្មាំបដិវត្តន៍អ៊ិស្លាម។

គេហទំព័រ IranWire បានរាយការណ៍ថា កីឡាករ Nasr-Azadani អាយុ ២៦ឆ្នាំ ស្ថិតក្នុងគ្រោះថ្នាក់នៃ​ការកាត់​ទោស​ប្រហារជីវិត សម្រាប់បទល្មើស ដែលគេឱ្យ​ឈ្មោះ​​ថា «Moharebeh» ដែលត្រូវបាន​បកប្រែយ៉ាងទូលំទូលាយថា ជា«ការធ្វើសង្រ្គាមប្រឆាំងនឹងព្រះជា​ម្ចាស់»។ យោងតាមគេហទំព័រដដែល​នេះ រូប​គេប្រឈមនឹងការកាត់​ទោស ដោយការព្យួរក។

ភាពចលាចល និងការតវ៉ា បានផ្ទុះឡើង នៅក្នុងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីនាង Mahsa Amini វ័យ ២២ឆ្នាំ បានស្លាប់នៅក្នុងមន្ទីរ​ឃុំឃាំងរបស់ប៉ូលិស កាលពីខែកញ្ញា បន្ទាប់ពីត្រូវបានចាប់ខ្លួនពីបទពាក់​ហ៊ីចាប​មិន​ត្រឹម​ត្រូវ។

ស្ថាប័ន បាន​ឱ្យ​ដឹង​នៅក្នុងសេចក្តីថ្លែងការណ៍របស់​ខ្លួន​ថា៖ «FIFPRO មានការរន្ធត់ និងតក់​ស្លុត​យ៉ាង​ខ្លាំង ចំពោះរបាយការណ៍ ដែលកីឡាករបាល់ទាត់អាជីព Amir Nasr-Azadani ប្រឈមនឹងការកាត់​ទោស​ប្រហារជីវិត នៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីធ្វើយុទ្ធនាការទាមទារសិទ្ធិស្ត្រី និងសេរីភាពជាមូលដ្ឋាន នៅក្នុងប្រទេសរបស់ខ្លួន»៕

Share.