នៅក្នុងកិច្ចប្រជុំកំពូលអូឡាំពិកលើកទី ១១ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បានផ្តល់ជូនលក្ខខណ្ឌជាច្រើន ដើម្បីជួយសម្រួលដល់ការចូលរួមរបស់អត្តពលិកមកពីប្រទេសរុស្ស៊ី និងបេឡារុស្ស ក្នុងការប្រកួតអន្តរជាតិនៅអាស៊ីរួមមាន Asian Games, Asian Indoor and Martial Arts Games និងការប្រកួតអាស៊ីផ្សេងទៀត។

លោក Robin Mitchell ប្រធានសមាគមគណៈកម្មាធិការជាតិអូឡាំពិក (ANOC) បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី OCA ដែលជាជំហានដ៏សំខាន់មួយ ដើម្បីបង្កើតការរួបរួមនៃគណៈកម្មាធិការជាតិអូឡាំពិកទាំង ២០៦ ឡើងវិញ។

គំនិតផ្តួចផ្តើមនេះនឹងត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំបន្ទាប់ និងកិច្ចពិភាក្សា IOC ជាមួយសមាជិក IOC តំណាងអត្តពលិក សហព័ន្ធអន្តរជាតិ និងគណៈកម្មាធិការជាតិអូឡាំពិក។

ខណ:សហព័ន្ធ​កីឡាបាល់ទាត់​រុស្ស៊ី ក៏កំពុង​ពិចារណា​ចាក​ចេញពី​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប (ដែលហៅកាត់ថា UEFA) និង​ទៅចូលរួម​ជាមួយ​សហព័ន្ធ​អាស៊ី (ដែលហៅកាត់ថា AFC) វិញ​បន្ទាប់ពី​ក្លិប និង​ក្រុម​ជម្រើសជាតិ​របស់ខ្លួន​ត្រូវបាន​ហាមឃាត់ ក្រោយពីលោកប្រធានាធិបតី Vladimir Putin បើកការឈ្លានពានចូលទៅកាន់ប្រទេស​អ៊ុយក្រែន។

បច្ចុប្បន្នក្លិបបាល់ទាត់ FC Spartak Moscow របស់ប្រទេសរុស្ស៊ី ត្រូវបាន UEFA សម្រេចដកចេញពីពានរង្វាន់ Europa League ខណ:ក្រុមជម្រើសជាតិរុស្សុីផ្នែកបុរស ក៏ត្រូវបាន FIFA សម្រេចដកចេញពីពានរង្វាន់ World Cup នៅក្នុងវគ្គជម្រុះចុងក្រោយទល់នឹង ប៉ូឡូញ ចំណែកឯក្រុមជម្រើសជាតិរុស្សុីផ្នែកនារី មិនអាចចូលរួមនៅក្នុងពានរង្វាន់ UEFA Women’s Euro ២០២២។

ក្នុងនោះផងដែរ ប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA គឺលោក Aleksander Ceferin បានបញ្ជាក់ច្បាស់ថាក្រុមជម្រើសជាតិ រុស្ស៊ី ត្រូវបានដកឈ្មោះពីការប្រកួតជម្រុះព្រឹត្តិការណ៍ Euro 2024 ជាផ្លូវការដែលរៀបចំនៅអាល្លឺម៉ង់ ផងដែរ៕

Share.