ក្រុមជម្រើសជាតិបារាំង បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយ ដោយឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ២លើកជាប់គ្នា និងជាលើកទី៤ ប្រចាំប្រវត្តិសាស្ររបស់បារាំងនៅ World Cup ក្រោយឈ្នះម៉ារ៉ុក ក្នុងលទ្ធផល ២-០ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន Al Bayt កាលរាត្រីថ្ងៃទី១៤ ឈានចូលទី១៥ ខែធ្នូ។

ក្រោយចប់ការប្រកួត លោក Walid Regragui អ្នកចាត់ការទូទៅរបស់ប្រទេសម៉ារ៉ុក បានលើកឡើងដូច្នេះថា៖«ខ្ញុំទទួលស្គាល់ថា ពួកយើងពិតជាធ្វើមិនបានល្អគ្រប់គ្រាន់នោះទេដោយរបូត២គ្រាប់ ជាពិសេសនៅដើមតង់ទី១ ដោយអនុញ្ញាតឲ្យកីឡាករ Theo Hernandez ស៊ុតបញ្ចូលទីនៅនាទី៥’»។

«យើងបាត់បង់កីឡាករជាច្រើននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចជា Nayef Aguerd, Noussair Mazraoui និងប្រធានក្រុម Romain Saïss ដោយសារបញ្ហារបួស»។

គួរដឹងថាក្រុមជម្រើសជាតិម៉ារ៉ុក ក្រោមការដឹកនាំរបស់លោក Walid Regragui​ គឺជាក្រុមអាហ្វ្រិកដំបូងគេដែលអាចឡេីងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលេីកដំបូងក្នុងប្រវត្តិសាស្ត្រ​ World Cup ទោះមិនអាចឈានដល់វគ្គផ្តាច់ព្រ័ត្រក៏ដោយ។

យ៉ាងណាមិញក្រុមជម្រើសជាតិម៉ារ៉ុក នឹងត្រូវជួប ក្រូអាច ដើម្បីដណ្តើមយកលេខ៣ នៅថ្ងៃទី១៧ ខែធ្នូ វេលាម៉ោង ១០:០០នាទីយប់ នៅកីឡដ្ឋាន Khalifa International។

សម្រាប់វគ្គផ្តាច់ព្រ័ត្រក្រុមជម្រើសជាតិបារាំង នឹងត្រូវប៉ះ អាហ្សង់ទីន នៅថ្ងៃអាទិត្យ ទី១៨ ខែធ្នូ វេលាម៉ោង ១០:០០នាទីយប់ នៅកីឡដ្ឋាន Lusail ក្នុងព្រឹត្តិការណ៍ FIFA World Cup 2022៕

Share.