ឥណ្ឌាបានបាញ់សាកល្បងដោយជោគជ័យនូវកាំជ្រួចមីស៊ីលដែលមានសមត្ថភាពនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយ ខណៈទីក្រុង ញូវដែលី មានបំណងបង្កើនសមត្ថភាពការពារខ្លួន ចំពេលមានភាពតានតឹងតាមតំបន់ព្រំដែនជាមួយប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នាថ្ងៃ សុក្រ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០២២។

រដ្ឋមន្រ្តីក្រសួងកិច្ចការសភា លោក Pralhad Joshi បាននិយាយថា មីស៊ីលផ្លោងអន្តរទ្វីប Agni-V ត្រូវបានបាញ់កាលពីថ្ងៃ ព្រហស្បតិ៍ ចេញពីកោះ Abdul Kalam ក្នុងរដ្ឋ Odisha ភាគខាងកើត។

លោក Joshi បានសរសេរលើ Twitter ថា «មីស៊ីលដែលមានរយៈចម្ងាយ ៥៤០០គីឡូម៉ែត្រមួយនេះ នឹងបន្ថែមតម្លៃដ៏អស្ចារ្យដល់វិស័យការពារជាតិ និង ពង្រឹងសន្ដិសុខជាតិក្នុងកម្រិតកាន់តែខ្លាំងមួយ»។

សារព័ត៌មានឥណ្ឌាបាននិយាយថា មុនពេលការធ្វើតេស្ដនេះអាជ្ញាធរឥណ្ដាបានចេញសេចក្ដីជូនដំណឹងមួយ និង បានប្រកាសឆ្នេរសមុទ្រ Bengal ជាតំបន់គ្មានការហោះហើរ ដោយបន្ថែមថា រយៈចម្ងាយរបស់មីស៊ីលនេះ គឺគ្របដណ្ដប់ចិនដីគោកស្ទើតែទាំងមូល។

ភាពតានតឹងថ្មីៗនេះ បានកើតឡើងរវាងឥណ្ឌា និង ចិន បន្ទាប់ពីការប៉ះទង្គិចគ្នារវាងកងនៃប្រទេសទាំង២ កាលពីថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០២២ នៅតាមតំបន់ព្រំដែនជម្លោះក្នុងរដ្ឋ Arunachal Pradesh។

រដ្ឋមន្រ្តីការពារជាតិឥណ្ឌា លោក Rajnath Singh បាននិយាយថា គ្មានទាហានឥណ្ឌាណាម្នាក់រងរបួសធ្ងនធ្ងរទេ ហើយកងទ័ពទាំងសងខាងបានដកខ្លួនចេញពីតំបន់នោះភ្លាមៗ។ សេចក្ដីថ្លែងការណ៍របស់កងទ័ពឥណ្ឌា កាលពីថ្ងៃ ចន្ទ បាននិយាយថា ទាហានទាំងសងខាងបានរងរបួសស្រាល។

ទំនាក់ទំនងរវាងប្រទេសអាស៊ីទាំង២ កាន់តែយ៉ាប់យ៉ឺនបន្ទាប់ពីមានការប៉ះទង្គិចគ្នានៅតាមព្រំដែនក្នុងឆ្នាំ ២០២០ ដែលកាលនោះទាហានឥណ្ឌា ២០នាក់ត្រូវបានសម្លាប់។ ក្រោយមក ប្រទេសចិនបានទទួលស្គាល់ថា ទាហានរបស់ខ្លួន ៤នាក់ ក៏ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅតាមព្រំដែនដ៏សាហាវបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍នេះដែរ។

សូមជម្រាបថា អស់ជាច្រើនទសវត្សរ៍មកហើយដែលឥណ្ឌា និង ចិន បានប្រជែងគ្នាយ៉ាងស្វិតស្វាញលើខ្សែបន្ទាត់នៃការគ្រប់គ្រងនៅតំបន់ព្រំដែនរវាងប្រទេសទាំង២ ដោយប្រទេសទាំង២ ក៏ធ្លាប់ធ្វើសង្រ្គាមនៅព្រំដែនកាលពីឆ្នាំ ១៩៦២ ដែរ៕

ប្រភព៖ Aljazeera

Share.