នៅយប់ថ្ងៃទី១៦ ខែធ្នូ ខ្សែបម្រើ Sergio Busquets សមាជិករបស់ក្រុមអ្នកមានបុណ្យ FC Barcelona បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងវ័យ៣៤ឆ្នាំ ក្រោយអស់ភារកិច្ចត្រឹមវគ្គ១៦ក្រុមចុងក្រោយ ក្នុងព្រឹត្តិការណ៍ World Cup ២០២២ នៅកាតា។
រយៈពេល ១៣ ឆ្នាំនៅក្រុមជម្រើសជាតិអេស្ប៉ាញ Sergio Busquets ចូលលេង ១៤៣ប្រកួត ស៊ុតចូលទី២គ្រាប់ ក្នុងនាមជាខ្សែបម្រើការពារ ដោយបង្ហាញខ្លួនលើកដំបូងកាលនៅឆ្នាំ ២០០៩ និងបានឈ្នះពានធំ២ជូនជាតិគឺ World Cup ឆ្នាំ ២០១០ និង Euro ឆ្នាំ ២០១២។
ខណ:សហព័ន្ធកីឡាបាល់ទាត់អេស៉្បាញ ក៏បានប្រកាសអំពីការចាកចេញរបស់លោក Luis Enrique គ្រូបង្វឹកក្រុមជម្រើសជាតិអេស៉្បាញ បន្ទាប់ពីមិនអាចដឹកនាំក្រុមឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup ២០២២ នៅប្រទេសកាតាបាន។
លោក Luis de la Fuente វ័យ៦១ឆ្នាំ ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអេស្ប៉ាញថ្មី ជំនួសកៅអីលោក Luis Enrique ដែលបានចាកចេញ។
លោក De la Fuente បានដឹកនាំក្រុមជម្រើសជាតិអេស៉្បាញអាយុក្រោម ១៩ឆ្នាំ ឈ្នះជើងឯកទ្វីបអឺរ៉ុប កាលពីឆ្នាំ២០១៥ និងបានដឹកនាំក្រុមយុវជនអាយុក្រោម២១ឆ្នាំអេស៉្បាញ ឲ្យទទួលបានជើងឯកទ្វីបអឺរុបដូចគ្នានៅឆ្នាំ២០១៩។ ខណៈនៅឆ្នាំ២០២១ លោក De la Fuente បានដឹកនាំក្រុមជម្រើសជាតិអេស៉្បាញឲ្យទទួលបានមេដាយប្រាក់នៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុន៕