ភ្នំពេញ ៖ យុវជនម្នាក់រងរបួសធ្ងន់ រយះក្បាល និងខ្នង ចំណែក២នាក់ទៀតរត់គេចរួច ខណៈដែលវិលត្រឡប់មកពីផឹកសុីវិញ ជួបប៉ះចំក្រុមអ្នកលេងបុ័ងតោ និងដាវ តាមផ្លូវ ដេញតាមកាប់ ដោយចោទប្រកាន់ថាមើលមុខដឺ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ឈាន ថៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមសម្តីភាគីខាងជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះនិងមិត្តភ័ក្រ មានគ្នា៣នាក់ ជិះម៉ូតូទៅផឹកសុីនៅ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល លុះជិះវិលត្រឡប់ទៅផ្ទះវិញ ឌុបគ្នា៣នាក់ តាមរយៈម៉ូតូ ហុងដាឌ្រីម សេរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ

ភ្នំពេញ 1JS-4108 តាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ដល់ក្លោងទ្វារវត្តព្រៃស្ពឺ ប្រទះជួបក្រុមអ្នកលេង គ្នា៦ទៅ៧នាក់ ជិះម៉ូតូ៣គ្រឿង ស្រែកគម្រាមថាមើលមុខឌឺ បែជាដេញតាមកាប់ ភ័យពេកជិះម៉ូតូរត់ ដល់ចំណុចកើតហេតុ ជិតដល់កន្លែងបត់ឆ្លងផ្លូវចូលផ្ទះហើយ ត្រូវបានក្រុមជនដៃដល់តាមទាន់ កាប់ រងរបួស ដួល ម៉ូតូ រត់ស្រែកផ្អើលអ្នកជិតខាង ទើបក្រុមជនដៃដល់នាំគ្នាជិះគេចខ្លួនបាត់អស់ ។

ក្រោយកើតហេតុ ជនរងគ្រោះម្នាក់របួសធ្ងន់ រយះក្បាលពីក្រោយ ខ្នង ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ៕

Share.