បាត់ដំបង៖ ពលករខ្មែរស្លាប់ និងរបួស ២៥នាក់ក្នុងហេតុការណ៍ក្រឡាប់ឡនពេលធ្វើដំណើរទៅស៊ីឈ្នួលបេះផ្លែឈើក្នុងទឹកដីថៃ។

ប្រភពព័ត៌មានពីប្រទេសថៃបានឲ្យដឹងថា÷ ករណីគ្រោះថ្នាក់ចរាចរណ៍លើពលករខ្មែរនេះបានកើតឡើងនៅព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ ៣១៧ ឋិតក្នុងឃុំប៉ាក់តុង ស្រុកសយដាវ ខេត្តច័ន្ទបុរី ប្រទេសថៃ។

ក្នុងហេតុការណ៍នេះរថយន្តដឹកពលករទំនងជាបែកកង់មុខខណ:កំពុងឋិតក្នុងល្បឿនមួយលឿនរួចបាត់ការគ្រប់គ្រងបានរ៉េចង្កូតធ្លាក់ចេញពីគន្លងផ្លូវតែម្តងនាំឲ្យធ្លាក់អ្នកដំណើររាយប៉ាយពេញដងផ្លូវតែម្តង។

ប្រភពដដែលបញ្ជាក់បន្តថា÷ ពលករទាំងអស់នៅក្នុងរថយន្តសរុបចំនួន ២៥នាក់បានធ្វើដំណើរក្នុងគោលដៅមួយទៅកាន់ភូមិសាស្ត្រចម្ការដើម្បីបេះផ្លែមៀនអោយថៅកែថៃ លុះដល់ត្រង់ចំណុចកើតហេតុក៏ជួបគ្រោះថ្នាក់តែម្តង បណ្តាលឲ្យពលករខ្មែរ ១នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងរងរបួសធ្ងន់ចំនួន ១០នាក់ ព្រមទាំងរបួសស្រាលចំនួន ១៤នាក់ផ្សេងទៀត។ បច្ចុប្បន្នជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យក្នុងស្រុកសយដាវប្រទេសថៃ៕

អត្ថបទ៖ ដំបងក្រញូង

Share.