សិល្បៈ​អន្តរជាតិ​៖ មុន​ជំនួប​ផ្ដាច់​ព្រ័ត្រ​រវាង​មាន់គក​បារាំង​និង​ក្រុម​របស់​ Leo Messi នៅ​ក្នុង​ការ​ប្រកួត​ 2022 Qatar World Cup សាធារណជន​បាន​សង្កេត​ឃើញ​យ៉ាង​ច្បាស់​ថា​មាន​ Big Name ដែល​ជា​កំពូល​តារា​អន្តរជាតិ​កម្រិត​ពិភពលោក​ជា​ច្រើន​នាក់​បាន​ចេញ​មក​បង្ហាញ​ឥត​លាក់​លៀម​ថា​ខ្លួន​ជ្រើស​រើស​យក Messi ជំនួស​ឱ្យ​ Mbappe។

ថ្វី​ត្បិត​ស្ដេច​បាល់ទាត់​ដែល​ធ្លាប់​ត្រូវ​គេ​ចំអក​ថា​ស្ដេច​អត់​មកុដ​ ប៉ុន្តែ​ទម្រង់​លេង​ដ៏​ល្អ​ និង​ភាព​លេចធ្លោ​របស់​លោក​លើ​ការងារ​មនុស្ស​ធម៌​បាន​ជួយ​ឱ្យ​កេរ្តិ៍​ឈ្មោះ​លោក​ត្រូវ​បាន​ពិភពលោម​ទទួល​ស្គាល់ ហើយ​មាន​មនុស្ស​ជា​ច្រើន​ ក្នុង​នោះ​មាន​ទាំង​តារាសម្ដែង តារា​ចម្រៀង​ តារា​បាល់ទាត់ បាន​គាំទ្រ​និង​ចង់​ឃើញ​លោក​ឈ្នះ​ពាន​រង្វាន់​ពិភពលោក​ដ៏​ធំ​មួយ​នេះ​។

តើ​​អ្នក​គាំទ្រ​ដែល​ចង់​ឃើញ​ Messi ឈ្នះ​ពាន មាន​តារា​ល្បី​ៗ​រូប​ណា​ខ្លះ?

កំពូល​តារា​ចម្រៀង​ដ៏​ល្បី​របស់​អង់គ្លេស​នាង​ Adele គឺជា​អ្នក​គាំទ្រ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​។ នាង​បាន​និយាយ​ជាមួយ​នឹង​អ្នក​គាំទ្រ​មក​ពីអាហ្សង់ទីននៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​ថ្មី​ៗ​នេះ​ថា​ «អ្នក​មក​ពីអាហ្សង់ទីន? អរគុណ​ព្រះ​ដែល​ពួក​គេ​ឈ្នះ​​បាល់​១១​ម៉ែត្រ​ថ្ងៃ​នេះ​» ការ​លើក​ឡើង​របស់​នាង​សំដៅ​ដល់​កាល​ពី​ការ​​ប្រកួត​យក​ឈ្នះ​ប្រទេស​ហូឡង់​។

ចំណែក​ឯ​កំពូល​តារា​សម្ដែង​ Julia Roberts ត្រូវ​បាន​គេ​ស្គាល់​​ថា​ជា​អ្នក​គាំទ្រ​បាល់ទាត់​ដ៏​ស្មោះ​ស្ម័គ្រ​ម្នាក់​។ សម្រាប់​នាង​គឺជា​អ្នក​គាំទ្រ​ម្នាក់​របស់​អាហ្សង់​ទីន​និង​ Messi។​ នាង​បាន​ទៅ​ចូល​រួម​ទស្សនា​ជំនួប​ El Clasico កាល​ពី​ឆ្នាំ​២០១៧ ហើយ​បាន​សុំ​ថត​រូបជាមួយ​ Messi ពេល​ការ​ប្រកួត​ចប់​។

កំពូល​តារា​ហូលីវូដ​​ Christopher Mintz-Plasse ក៏​ជា​អ្នក​គាំទ្រ​របស់​ក្រុម​បាល់ទាត់​ Argentina ផង​ដែរ។

ចំណែក​ Harry Styles ក៏​បាន​សរសេរ​រៀបរាប់​ «អបអរសាទរ​ដល់​ក្រុម​អាហ្សង់ទីន​» មុន​ពេល​ដែល​ក្រុម​នេះ​ត្រូវ​ប្រកួត​វគ្គ​ចុង​ក្រោយ ខណៈ​ដែល​​ Daddy Yankee ក៏​ធ្លាប់​បាន​បង្ហោះ Video ​​លើ​បណ្ដាញ​ Social Media ​សម្ដែង​ការ​គាំទ្រ​ចំពោះ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ផង​ដែរ។

កំពូល​តារា​តិន្និស​ជើង​ចាស់​របស់​អង់គ្លេស​ Andy Murray ក៏​ធ្លាប់​បាន​បួងសួង​ឱ្យ​អាហ្សង់​ទីន​ឈ្នះ​នៅ​ក្នុង​ជំនួប​រវាង​អាហ្សង់ទីន​និង​អូស្ត្រាលី កាល​ពី​ដើម​ការ​ប្រកួត​ពាន​បាល់ទាត់​ពិភពលោក​ដូច​គ្នា​៕

ប្រភព៖ marca, thedailystar

Share.