សិល្បៈ​ជាតិ​៖ ក្រោយ​​រូប​ភាព​​ ពាក់​មី និងលោក​ ម៉ៃ សុគន្ធ​ ចែក​រំលែក​រូប​បន់​ស្រន់​​ក្នុង​ឯក​សណ្ឋាន​អាហ្សង់​ទីន​ ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា​ខ្លួន​គឺជា​​អ្នក​គាំទ្រ​ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​អាហ្សង់​ទីន​និង​តា​រា​បាល់​ទាត់​ល្បី Messi ដក​ឃ្លា​ថយ​ និង​បង្វែរ​ទិស​គាំទ្រ​ព្រោះមាន​ជំនឿ​ថា​អាថ័ន​ ម៉ៃ សុគន្ធ​ ខ្លាំង​ អាច​នឹង​ទាញ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់​ទីន​ចាញ់​។ ប៉ុន្តែ​លទ្ធផល​ចុង​ក្រោយ​នៃ​ជំនួប​រវាង​ បារាំង​ និង​អាហ្សង់​ទីន ​​កាល​ពី​រំលង​អធ្រាត​យប់​មិញ​នេះ​ ធ្វើ​ឱ្យ​អ្នក​ដែល​បង្វែ​ការ​គាំទ្រពី​អាហ្សង់​ទីន​ទៅបារាំង​​​ខក​ចិត្ត​ធំ​ទៅ​វិញ​។

ជំនួប​សងសឹក​រវាង​ម្ចាស់​ជើង​ឯក​ចាស់​ បារាំង និង​រង​ជើង​ឯក​ អាហ្សង់ទីន គឺជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​គ្រប់​ទិសទី​ពិបាក​នឹង​អង្គុយ​ជាប់​ ត្រូវ​តែ​ហើប​គូទ​តាម ​រាល់​ពេល​ដែល​កីឡាករ​ក្រុម​ម្ខាងៗ​បង្កើត​ឱកាស​ស៊ុត​បញ្ចូល​ទី​​។

មែនទែន​ទៅ មុន​ការ​ប្រកួត​ធំ​មក​ដល់​ អ្នក​គាំទ្រ​មួយ​ចំនួន​បាន​បង្វែ​ទិស​ពី​គាំទ្រ​អាហ្សង់ទីន​ទៅ​បារាំង​ ព្រោះ​តែ​គេ​យន្ត​ថា​អាថ័ន​ស៊យ ម៉ៃ សុគន្ធ​ នឹង​បញ្ចេញ​ឥទ្ធិពល​នាំ​ស៊យ​ដល់​ក្រុម​របស់ Messi។ ប៉ុន្តែ​គ្រប់​យ៉ាង​ហាក់​ផ្ទុយ​ស្រឡះ​ ព្រោះ​លទ្ធផល​យប់​មិញ​នេះ​ អាហ្សង់ទីន​ បាន​យកឈ្នះ​ក្រុម​មាន់គក​បារាំងដោយ​លទ្ធផល​តាម​រយៈ​​បាល់​ប៉េណាល់ទី​ ៤ ទល់​នឹង​ ៣។

ជាមួយ​នឹង​លទ្ធផល​ដែល​ខុស​ពី​ការ​រំពឹង​ទុក​ថា​ ម៉ៃ សុគន្ធ​ គាំទ្រ​ក្រុម​ណា​ អ្នក​ណា អ្នក​នោះ​ធ្លាក់​ ក្រុម​នោះ​ចាញ់​ ត្រូវ​បាន​បំបែក​បាន​ដោយ​ជោគជ័យ​ បន្ទាប់​ពី​បុរស​វ័យ ​៣៦​ឆ្នាំ បាន​ជួយ​ឱ្យ​ក្រុម​មក​​ពី​អាមេរិក​ខាង​ត្បូង​​យក​ឈ្នះ​ពាន​ពិភពលោក​ជា​លើក​ទីបី​។

​អ្នក​គាំទ្រ​ខ្លះ​បាន​លើក​ឡើង​ថា​ ពួក​គេ​សង្ឃឹម​ថា​លទ្ធផល​មួយ​នេះ​ នឹង​ជួយ​លុប​ឈ្មោះ​ កំពូល​ស៊យ អាថ័ន​នាំ​ចង្រៃ​របស់​អតីត​តារា​ចម្រៀង​លោក​ ម៉ៃ សុគន្ធ​បាន​ទៅចុះ​៕

Share.