ព្រឹកនេះ ដំណឹងដ៏សោកសៅ គឺលោកតា សាឡាត់​ វរសិល្បករអាយ៉ៃជេីងចាស់ ​នៃកម្ពុជា​បានទទួលមរណភាពហើយ​ នៅថ្ងៃទី១៨ ខែមិថុនា ២០២១នេះ ដោយរោគាពាធ។ លោក ព្រឹទ្ធាចារ្យ ម៉ក់ កាណេន ហៅលោកតា សាឡាត់ វ័យ៧៤ឆ្នាំ បាន​ទទួលមរណភាព​ ​នៅគេហដ្ឋាន​របស់​លោក ក្នុងរាជធានីភ្នំពេញ។​ តើ​​លោកតា សាឡាត់ មានប្រវត្តិ យ៉ាងដូចម្ដេច នឹង​មានស្នាដៃអ្វីខ្លះ?

លោកព្រឹទ្ធាចារ្យ​សាឡាត់​ បានបំរេីវិស័យសិល្បៈតាំងពីសម័យសង្គមរាស្រ្តនិយម​ រហូតដល់បច្ចុប្បន្ន​។ ​លោកតា សាឡាត់ មានឈ្មោះដើម ម៉ក់ កាណេន កើតនៅឆ្នាំ ១៩៤២ (ក្នុងអត្តសញ្ញាណប័ណ្ណ ០១ មករា ឆ្នាំ ១៩៤៨ ) ស្ថិតក្នុងភូមិ ពោធិទង ឃុំ កញ្ជ្រៀច ស្រុក កញ្ជ្រៀច ខេត្តព្រៃវែង។

លោកតា សាឡាត់ គឺជាកូនទី៦ ក្នុងចំណោមបងប្អូន៨នាក់ ប្រុស៥ ស្រី៣។ ឪពុករបស់លោកឈ្មោះ ម៉ក់ មាស ចំណែកម្ដាយឈ្មោះ ហែម សឹម លោកទាំងពីរជាកសិករ (ស្លាប់)។ លោកមិនមានបងប្អូន ជាប់សាច់ឈាមជាអ្នកសិល្បៈនោះទេ។

ក្នុងវ័យ ៦ឆ្នាំ កុមារា សាឡាត់​ បាន​ចូលរៀន​នៅក្នុង “វត្តពោធិទង” ស្ថិតនៅក្នុងភូមិពោធិទង ឃុំកញ្ជ្រៀច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ បន្ទាប់​មក​បាន​សិក្សា​នៅ​ សាលាបឋមសិក្សា “វត្តមហាលាភ” ស្ថិតក្នុង ឃុំ មហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ក្រោយពីបញ្ចប់ថ្នាក់បឋមសិក្សា លោកបានបន្តទៅរៀននៅ “វិទ្យាល័យ ព្រះសីហនុខេត្តកំពង់ចាម”

ទីបំផុត យុវសិស្ស សាឡាត់បាន​បញ្ចប់​ការសិក្សា​ត្រឹមថ្នាក់ទី​៤ សម័យដើម ដោយ​មាន​និស្ស័យ​សិល្បៈ​ លោកក៏ឈប់​រៀន​ ហើយ​ប្រឡូក​ក្នុងវិស័យ​សិល្បៈ​វិញ។ ក្នុង​ចំណោមសិល្បៈនានា យុវជន​រូប​នេះ ចូលចិត្តសិល្បៈ​ផ្នែក​បូរាណ ជាពិសេស​សិល្បៈ​អាយ៉ៃរឿង និង​កំប្លែង។ រហូតដល់អាយុ១៧ឆ្នាំ ដោយ​សារតែទេពកោសល្យខ្ពស់​ក្នុង​វិស័យសិល្បៈ ​យុវជន​ សាឡាត់ បាន​ចូល​សិល្បៈ​ជាមួយ​ក្រុម​ចម្រៀង​អាយ៉ៃ ឈ្មោះ អ្នក​ សុទំ ដែល​ស្ថិត​នៅ​ខាង​ជើង​វត្ត​ទួល​ទំពូង រាជធានីភ្នំពេញ អំឡុង​ឆ្នាំ ១៩៦៥។ ភាពល្បីល្បាញ​របស់​ លោក​សាឡាត់​ នៅពេល​នោះ ត្រូវ​បាន​គេ​ប្រៀប​ធៀប​សំឡេង​ របស់​លោក ទៅ​អ្នក​ចម្រៀង​អាយ៉ៃឯក តាសាលួត។

បន្ទាប់ពីបាន​ប្រឡូក​ក្នុង​វិស័យសិល្បៈ​ លោក​ធ្លាប់​បាន​ប័ណ្ណសរសើរ​ជាច្រើន ក្នុង​នោះ​មានទាំង​ក្នុង​សម័យ​សង្គម​រាស្រ្តនិយម​ និង​សម័យបច្ចុប្បន្ន។ នៅសម័យសង្គមរាស្ត្រនិយម លោកធ្លាប់បានប័ណ្ណសរសើរចំនួន២ ដោយនៅក្នុងនោះ លោកធ្លាប់បានទទួលពីអតីតព្រះមហាក្សត្រ នរោត្ដម សីហនុ ១លើក និង ទទួលពីក្រសួងមហាផ្ទៃ១លើក។ ចំណែកនៅសម័យបច្ចុប្បន្នវិញ លោកធ្លាប់បានទទួលប័ណ្ណសរសើរ និងមេដៃកិត្តិយស ៤ទៅ៥ ផងដែរ ។

គួរបញ្ជាក់ថា លោក​តា សាឡាត់ បាន​ឆ្លងកាត់​ការ​រៀបអាពាហ៍ពិពាហ៍​ចំនួន​៣លើក​មក​ហើយ​។​

  • លើកទី១ លោករៀបអាពាហ៍ពិពាហ៍ជាមួយ អ្នកស្រី កែវ សំអាត ក្នុងឆ្នាំ ១៩៦៥ ទទួលបានកូន៤នាក់ ប្រុស២ស្រី២ ។
  • លើកទី២ លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី ចាន់ លីហ៊ាន ក្នុងឆ្នាំ១៩៨៥ ទទួលបានកូន៣ នាក់ប្រុស២ ស្រី១។
  • លើកទី៣ លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី នូ ឡា សញ្ជាតិអូស្ត្រាលី ក្នុងឆ្នាំ១៩៩០ មិនមានកូននោះទេ។ កូនរបស់លោកបានស្លាប់២នាក់ នៅក្នុងរបបខ្មែរក្រហម ចំណែក៥នាក់ផ្សេងទៀត ត្រូវបានភរិយារបស់លោកគឺ អ្នកស្រី នូ ឡា ជនជាតិអូស្ត្រាលី ធានាទៅរស់នៅឯប្រទេសអូស្ត្រាលីទាំងអស់៕

Share.