ទីបំផុត​កំណត់ត្រា​បាន​ចារ​ក្នុង​ប្រវត្តិសាស្រ្ត​ហើយ ដោយ​កម្ពុជា អាច​រកបាន​ជ័យជម្នះ​ជា​លើក​ដំបូង​របស់​ខ្លួន​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​ពានរង្វាន់​ AFF Championship (AFF Mitsubishi Electric Cup) បន្ទាប់​ពី​ទទួល​ឱកាស​ចូល​ដល់​វគ្គ​នេះ​ជា​លើក​ទី៩។

ជ័យជម្នះ​របស់​កម្ពុជា នេះ​​បាន​យក​ឈ្នះ​លើ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ហ្វីលីពីន ដោយ​លទ្ធផល ៣-២ ក្នុង​ប្រកួត​បើក​ឆាក​ពូល A នា​ល្ងាច​ថ្ងៃ​អង្គារ នេះ ខណៈ​៨លើក​នៃ​ប្រកួត​បើក​ឆាក​កន្លង​មក​សុទ្ធ​តែ​បរាជ័យ​នៅ​ថ្ងៃ​បើក​ឆាក​ទាំង​អស់។

ជាមួយ​គ្នា​នេះ​ដែរ​ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា និង​ក្រុម​គ្រួសារ បាន​អញ្ជើញ​ចូល​​ទស្សនា​ការ​ប្រកួត​ផ្ទាល់​នៅ​កីឡដ្ឋាន បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ថា៖«​អបអរសាទរ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា រក​បាន​ជ័យជម្នះ​​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ប្រកួត​បើក​ឆាក​​នៃ​វគ្គ​ជម្រុះ​តាម​ពូល ​ពានរង្វាន់​បាល់ទាត់​បុរស​ធំ​ប្រចាំ​តំបន់​អាស៊ាន 2022 AFF Championship (AFF Mitsubishi Electric Cup 2022) ពោល​គឺ​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន ដោយ​លទ្ធផល​៣-២ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​​មរតតេជោ ក្នុង​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ»។

ឯកឧត្តម បាន​បន្ត​ថា៖«ក្នុង​នាម​ក្រុម​គ្រួសារ​នៃ​បាល់ទាត់​កម្ពុជា ខ្ញុំ​សូម​ជូនពរ​ឱ្យ​ក្រុម​គោព្រៃ​កម្ពុជា ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា នៅ​ក្នុង​ប្រកួត​ជា​បន្តបន្ទាប់ ដែល​នៅ​សល់​ក្នុង​ពូល A នេះ»។

ចំពោះ​កាលវិភាគ​ប្រកួត​​បន្ត​របស់​កម្ពុជា មាន៖

  • កម្ពុជា ជួប ឥណ្ឌូនេស៊ី ថ្ងៃទី២៣ ខែធ្នូ វេលាម៉ោង ៤:៣០នាទីល្ងាច ក្នុងពហុកីឡដ្ឋាន Gelora Bung Kamo Stadium ទីក្រុង Jakarta
  • កម្ពុជា ជួប ប្រ៊ុយណេ ថ្ងៃទី២៩ ខែធ្នូ វេលាម៉ោង ៥:០០នាទីល្ងាច ក្នុង​ពហុកីឡដ្ឋាន​ជាតិ​មរកតតេជោ រាជធានីភ្នំពេញ
  • កម្ពុជា ជួប ថៃ ថ្ងៃទី០២ ខែមករា វេលាម៉ោង ៧:៣០នាទីយប់ ក្នុងពហុកីឡដ្ឋាន Thammasat Stadium ខេត្ត Pathum Thani។

គួររំលឹកផងដែរថា ក្រុមជម្រើសជាតិហ្វីលីពីន ស្ថិតនៅពូល A ជាមួយជើងខ្លាំងថៃ, កម្ពុជា, ឥណ្ឌូនេស៊ី, ហ្វីលីពីន, និង ប្រ៊ុយណេ ក្នុង​ពានរង្វាន់ AFF Mitsubishi Electric Cup 2022។ ចំណែកពូល B មាន វៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, មីយ៉ាន់ម៉ា និង ឡាវ៕

Share.