កីឡាករ Nguyen Cong Phuong

កីឡាករ Nguyen Cong Phuong នឹងផ្លាស់ទៅចូលរួមជាមួយក្រុម Yokohama FC ដែលជាសមាជិកថ្មីលីគកំពូលជប៉ុន J.League 1 ដោយគ្មានតម្លៃផ្ទេរ នៅរដូវកាលក្រោយ ២០២៣ បន្ទាប់ពីកុងត្រារបស់គេជាមួយក្រុម Hoang Anh Gia Lai សមាជិកលីគកំពូលវៀតណាមអស់សុពលភាព។

Nguyen Cong Phuong កើតនៅថ្ងៃទី២១ ខែមករា ឆ្នាំ១៩៩៥ ក្នុងខេត្ត Nghệ An ប្រទេសវៀតណាម បច្ចុប្បន្នមានវ័យ ២៧ឆ្នាំ កម្ពស់១.៦៨ម៉ែត្រ ជាថ្នាលយុវជនរបស់ Hoang Anh Gia Lai – Arsenal JMG លេងតំណែងជាខ្សែបម្រើប្រយុទ្ធ។

ជាមួយនឹងការផ្លាស់ទៅក្រុម Yokohama FC នៅរដូវកាលក្រោយ កីឡាករ Nguyen Cong Phuong ក្លាយជាកីឡាករវៀតណាមទី ២ ក្នុងប្រវត្តិសាស្ត្រដែលបានចុះកុងត្រាជាមួយក្លិប J1 League បន្ទាប់ពីមិត្តរួមក្រុមរបស់គេគឺអ្នកចាំទី Dang Van Lam បានចូលរួមជាមួយ Cerezo Osaka ក្នុងឆ្នាំ ២០២១។

អ្នកចាំទី Dang Van Lam បានចូលរួមជាមួយ Cerezo Osaka ក្នុងឆ្នាំ ២០២១

កន្លងមក Nguyen Cong Phuong ក៏ធ្លាប់ប្រកបអាជីពនៅលីគបាល់ទាត់ប្រទេសជប៉ុនម្ដងដែល កាលពីឆ្នាំ ២០១៦ ជាមួយក្រុមលីគលំដាប់ទី២ Mito HollyHock ក្នុងលក្ខខណ្ឌខ្ចីជើង មុនចូលរួមជាមួយ Incheon United FC លីគកំពូលកូរ៉េ នៅឆ្នាំ ២០១៩។

នៅចុងឆ្នាំ ២០១៩ Nguyen Cong Phuong ផ្លាស់ទៅចូលរួមជាមួយ Sint-Truidense V.V លីគកំពូលបែលហ្ស៊ិក និងចុងក្រោយនៅឆ្នាំ ២០២០ ជាមួយក្រុម Ho Chi Minh City FC មុនផ្ទេរមកកាន់លីគកំពូលជប៉ុននៅឆ្នាំ ២០២៣។

ខណ:ក្នុងក្រុមជម្រើសជាតិវៀតណាម កីឡាករវ័យ២៧ឆ្នាំរូបនេះធ្លាប់ជាប់តាំងពីឈុត U19, U22 និង U23 តាំងពីឆ្នាំ ២០១៣ ខណ:ឈុតធ្លាប់ជាប់ដំបូងនៅឆ្នាំ ២០១៥ ដោយបង្ហាញខ្លួនសរុប ៥៤លើក ស៊ុតបញ្ចូលទីបាន ១១គ្រាប់៕

Share.