សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានផ្ដល់អនុសាសន៍ចំនួន ៥ចំណុច ដើម្បីឲ្យវិស័យកីឡាជាតិរឹងមាំ ដើម្បីឆ្ពោះទៅរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងពេលដ៏ឆាប់ខាងមុខ។

អនុសាសន៍របស់ថ្នាក់ដឹកនាំត្រូវបានផ្ដល់ជូនជាបន្តបន្ទាប់ ស្របពេលក្នុងឱកាសដ៏មានអត្ថន័យនៃពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ជ័យលាភីមេដាយកីឡាស៊ីហ្គេម លើកទី៣១ នៅទីស្តីការក្រសួងការពារជាតិ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ។

ក្នុងការខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាព ការបង្កើនសមត្ថភាព និងឆន្ទៈស្របតាមតួនាទី និងកិច្ចការរៀងៗខ្លួន និងផ្ដល់អនុសាសន៍ណែនាំសម្រាប់ជាមូលដ្ឋានដល់ ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិ CAMSOC សហព័ន្ធកីឡាជាតិ និងសមត្ថកិច្ចរាជធានី-ខេត្ត ដើម្បីចាត់វិធានការដូចខាងក្រោម៖
១. ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ បន្តពង្រីកកិច្ចសហការល្អ ហ្វឹកហ្វឺនក្រុមអត្តពលិកជម្រើសជាតិក្នុង និងក្រៅប្រទេស ដើម្បីបង្កើនគុណផលចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដណ្ដើមមេដាយឲ្យបានច្រើន ពិសេសមន្ត្រីបច្ចេកទេសរៀបចំ និងកាត់សេចក្ដីការប្រកួត។ ជាមួយគ្នានេះ ក្រសួងបន្តផ្ដល់ថវិកាគាំទ្រដល់សហព័ន្ធកីឡាជាតិ ដើម្បីពន្លឿនការអភិវឌ្ឍឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

២. សហព័ន្ធកីឡាជាតិ ត្រូវប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ឲ្យបានត្រឹមត្រូវ តម្លាភាព និងមានប្រសិទ្ធភាព ព្រមទាំងកៀរគរថវិកាដៃគូឯកជនបំពេញការខ្វះខាត ដើម្បីលើកកម្ពស់កាអភិវឌ្ឍប្រភេទកីឡារបស់ខ្លួនឲ្យបានកាន់តែរីកចម្រើន និងមាននិរន្តរភាព។


៣. គណៈកម្មការជំនាញទាំង១៤ នៃគណៈកម្មាធិការជាតិ CAMSOC ត្រូវសហការគ្នាឲ្យបានល្អ ខិតខំពន្លឿនការងាររបស់ខ្លួនតាមតួនាទីភារកិច្ច ជម្រុញការត្រៀមខ្លួនឲ្យបានគ្រប់ជ្រុងជ្រោយជាស្រេចទៅតាមក្របខ័ណ្ឌពេលវេលាកំណត់ ដើម្បីធានាបានជោគជ័យខ្ពស់ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាកម្រិតអន្តរជាតិដ៏ធំជាប្រវត្តិសាស្ត្រនេះ។ បន្តពង្រឹងការប្រកួតជើងឯកជាតិ និងការប្រកួតកីឡាជាតិឲ្យកាន់តែមានគុណភាព ឈានទៅរកស្ដង់ដាតំបន់ ដើម្បីយកការប្រកួតកីឡាអន្តរជាតិមករៀបចំនៅកម្ពុជា។

៤. គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្ត ត្រូវពង្រឹងកិច្ចសហការឲ្យបានជិតស្និទ្ធប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមនានាជាបន្ទាន់ សំដៅធានាបានប្រសិទ្ធភាពក្នុងការដឹកនាំ គ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំនៅឆ្នាំ២០២៣។

៥. នៅក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់វិស័យឯកជន ក្រុមហ៊ុន សហគ្រាស និងសប្បុរសជនទាំងអស់ សូមចូលរួមដល់មូលនិធិកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដើម្បីដើម្បីរួមចំណែកដល់ភាពជោគជ័យ នៃការរៀបចំប្រកួតកីឡាកម្រិតអន្តរជាតិនេះ។

គួរបញ្ជាក់ថា កម្ពុជាកំពុងត្រៀមខ្លួនទទួលស្វាគមន៍រៀបចំការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ៕

Share.