ក្រុមជម្រើសជាតិប្រ៊ុយណេ ក្រោមការដឹកនាំរបស់លោក Mario Rivera អស់ឱកាសឡើងទៅវគ្គបន្ត ក្រោយរងបរាជ័យក្រោមថ្វីជើង ឥណ្ឌូនេស៊ី ក្នុងលទ្ធផល ៧-០ នៅកីឡដ្ឋាន Kuala Lumpur កាលពីនៅថ្ងៃទី២៦ ខែធ្នូ ពូល A នៃពានរង្វាន់ AFF Mitsubishi Electric Cup ២០២២។

ដូច្នេះប្រ៊ុយណេ ក្លាយជាក្រុមដំបូងក្នុងព្រឹត្តិការណ៍ AFF Championship ២០២២ ដែលហាលអាវត្រលប់ទៅផ្ទះវិញ ក្រោយឆ្លងកាត់៣ប្រកួត ចាញ់ទាំង៣ ដោយចាញ់ថៃ ក្នុងលទ្ធផល ៥-០ ចាញ់ហ្វីលីពីន ក្នុងលទ្ធផល ៥-១ និងចាញ់ឥណ្ឌូនេស៊ី ៧-០។

ខណ:ខ្សែប្រយុទ្ធ Razimie Ramlli ជាកីឡាករតែម្នាក់គត់របស់ក្រុមជម្រើសជាតិប្រ៊ុយណេ ដែលអាចស៊ុតបញ្ចូលទី និងជាគ្រាប់បាល់ដំបូង ក្នុងរយ:ពេល២៦ឆ្នាំចុងក្រោយ ពោលគឺចាប់តាំងពីឆ្នាំ ១៩៩៦ មកម្ល៉េះ នៅក្នុងពានរង្វាន់ AFF Championship។

ការប្រកួតបន្ទាប់គឺជាជំនួបរវាងក្រុមជម្រើសជាតិថៃ ទល់នឹងហ្វីលីពីន នៅកីឡដ្ឋាន Thammasat នៅវេលាម៉ោង ៧:៣០នាទីយប់ បន្តិចទៀតនេះ ដើម្បីស្វែងរកក្រុមកំពូលតារាងពូល A ខណ:បច្ចុប្បន្នឥណ្ឌូនេស៊ី កំពុងកាន់កាប់បណ្តោះអាសន្ន ជាមួយ៦ពិន្ទុពេញ ពីការលេង២ប្រកួត ឈ្នះទាំង២៕

Share.