លោក Michael Weiss គ្រូបង្វឹកក្រុមជម្រើសជាតិឡាវ

មុនការប្រកួតប៉ះក្រុមសិង្ហបុរីនៅល្ងាចនេះ គ្រូបង្វឹកក្រុមជម្រើសជាតិឡាវ លោក Michael Weiss ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា ការត្រៀមខ្លួនជួបក្រុមជម្រើសជាតិសិង្ហបុរីនៅល្ងាចនេះ ខ្ញុំចង់ឃើញអ្នកគាំទ្រក្រុមជម្រើសជាតិឡាវមកចូលរួមលើកទឹកចិត្តនៅលើទីលានឲ្យបានច្រើន។

គ្រូបង្វឹករូបនេះបានលើកឡើងថា៖ «ពីរប្រកួតកន្លងមក យើងចាញ់ក្រុមខ្លាំង ហើយយើងក៏បានឃើញពីកំហុសមួយចំនួននៅក្នុងការប្រកួត។ ពួកយើងកំពុងព្យាយាមកែប្រែឲ្យល្អប្រសើរ ដើម្បីក្រុមធ្វើបានល្អជាងនេះក្នុងការប្រកួតទល់នឹងក្រុមជម្រើសជាតិសិង្ហបុរី។ យើងស្ថិតក្នុងពូលដែលមានក្រុមខ្លាំង វៀតណាម និងម៉ាឡេស៊ី ហើយសិង្ហបុរី និង មីយ៉ាន់ម៉ា ក៏ជាក្រុមខ្លាំងដែរ ដូចនេះយើងនឹងធ្វើឱ្យល្អបំផុតសម្រាប់ពីរប្រកួតដែលនៅសល់»។

គ្រូបង្គោលវ័យ ៥៧ឆ្នាំរូបនេះបញ្ជាក់ថា៖ «ទោះលទ្ធផលពីរប្រកួតចុងក្រោយមិនសូវល្អ តែសង្ឃឹមថាអ្នកគាំទ្រនឹងមកលើកទឹកចិត្តក្នុងទីលាន យើងមានកីឡាករវ័យក្មេងភាគច្រើន ហើយពួកគេត្រូវការការគាំទ្រពីអ្នកទាំងអស់គ្នា ជាពិសេសការប្រកួតល្ងាចនេះ។ ដូច្នេះខ្ញុំត្រូវការអ្នកគាំទ្របន្ថែមទៀតដើម្បីមកលើកទឹកចិត្តលើទីលានការប្រកួតទល់នឹងសិង្ហបុរី»។

ក្រុមជម្រើសជាតិឡាវ ក្រោមការដឹកនាំរបស់លោក Michael Weiss ទទួលបានលទ្ធផលមិនបានល្អ ដោយចាញ់វៀតណាម ៦-០ និងចាញ់ក្រុមម៉ាឡេស៊ី ៥-០។ ខណ:ល្ងាចនេះក្រុមជម្រើសជាតិឡាវនឹងត្រូវបើកទ្វាកីឡដ្ឋាន New Laos National វេលាម៉ោង ៥:០០នាទីល្ងាច ដើម្បីទទួលក្រុមសិង្ហបុរី ក្នុងពាន AFF Mitsubishi Electric Cup ២០២២៕

Share.