ក្រុម​បាល់ទាត់​អង្គរថាយហ្គឺរ (Angkor Tiger FC) បាន​យក​ឈ្នះ​លើ​ក្រុម​បាល់ទាត់​កងយោធពលខេមរភូមិន្ទ (TIFFY Army FC) ដោយ​លទ្ធផល​៣ទល់២ នៅ​លើ​ទីលាន​កីឡដ្ឋាន SRU Stadium ក្នុង​ទីរួមខេត្ត​សៀមរាប ខណៈ​លោកOriol Mohedano គ្រូ​បង្វឹក​ក្រុម​អង្គរថាយហ្គឺរ បាន​បង្ហាញ​មតិ​មួយ​ចំនួន​ក្រោយ​ចប់ការ​ប្រកួត​។​


សម្តី​ទាំង​ស្រុង​របស់​គ្រូ​បង្វឹក​ជនជាតិ​អេស្ប៉ាញ​រូប​នេះ​ត្រូវ​បាន​វិបសាយ​ផ្លូវការ​របស់​ក្លិប​ស្រង់​សម្តី​មក​ថា៖​«យើងបានលេងការប្រកួតដ៏សំខាន់ទល់នឹងក្រុមមួយ ដែលជារៀងរាល់ឆ្នាំតែងតែប្រយុទ្ធយកចំណាត់ថ្នាក់កំពូលក្នុងលីក។ យើងដឹងពីភាពគ្រោះថ្នាក់របស់ពួកគេ ហើយយើងប្រឈមមុខនឹងពួកគេ។ យើងស្ថិតក្នុងស្ថានភាពនិងរបៀបលេងដ៏អស្ចារ្យ នៅ ៤៥នាទីដំបូង ដោយមានការគ្របគ្រងបាល់យ៉ាងច្រើន និងរកបាន ៣គ្រាប់នាំមុខដ៏សំខាន់។


លោកបន្តថា៖ «ក្នុងពេលដែលកំពុងនាំមុខ ៣ ទល់នឹង ០ វាក៏ជាពេលមួយដែលយើងត្រូវមានទំនួលខុសត្រូវទាំងផ្នែកស្មារតី និងកម្លាំង ហើយមិនត្រូវបាត់បង់ការតាំងអារម្មណ៍ តែជាសំណាងអាក្រក់ យើងរបូត ២គ្រាប់ជាប់ៗគ្នា ដែលបង្ហាញឲ្យឃើញថា យើងមានចំណុចត្រូវកែប្រែដូចជាភាពរឹងមាំ និងការតាំងចិត្តប្រកួតប្រជែង»។


«យើងប្រឹងប្រែងយ៉ាងខ្លាំងដោយមិនឲ្យបរាជ័យក្នុងការប្រកួតដែលយើងសាកសមនឹងទទួលជ័យជម្នះ ហើយនៅវគ្គទីពីរ យើងត្រឡប់មកវិញដោយភាពព្យាយាមលះបង់ និងផ្ដោតអារម្មណ៍ជាទីបំផុត។ យើងនៅតែមានឱកាសល្អខ្លះៗក្នុងការទាត់បញ្ចូលទីថែមទៀត ហើយយើងក៏បានបន្ថែមនូវភាពរឹងម៉ាំផ្នែកការពារនៅនាទីចុងក្រោយ ដើម្បីធានាជ័យជម្នះ។ នៅទីបំផុតយើងយកបាន ៣ពិន្ទុ»។ លោក Oriol Mohedano បន្ថែម។


លោកសង្កត់ធ្ងន់ថា៖ «ខ្ញុំមានការគោរពចំពោះក្រុម ទ័ព ដែលមិនបោះបង់ ហើយឥឡូវយើងផ្ដោតលើការប្រកួតបន្ទាប់ ទល់នឹងក្រុម នគរបាលជាតិ និងព្យាយាមកែកំហុសដែលយើងមាន»។

គ្រាប់​បាល់៥គ្រាប់​កើត​ឡើង​ក្នុង​ប្រកួត​នេះ​រក​បាន​ដោយ​កីឡាករ ឡុង ភារ៉ាត់, Taleila Maksim, តាំង ពិសី របស់​អង្គរថាយហ្គឺរ ហើយ​២គ្រាប់​របស់​កងយោធពលខេមរភូមិន្ទ រក​បាន​ដោយ​កីឡាករ Santos និង​ណារ៉ុង កក្កដា៕

រូបថត៖ AngkorTigerFC

Share.