ពិធី​ករ​រូប​សង្ហា​លោក​ វី យ៉ារ៉ូ​ បាន​ចេញ​​មក​បង្ហោះ​សារ​ អប​អរសាទរ​ «ទិវា​គុណ​ឪពុក​» នៅ​ព្រឹក​​ថ្ងៃ​ទី​២០​ ខែ​មិថុនា​ ឆ្នាំ​២០២១​នេះ​ ប៉ុន្តែ​ជាមួយ​នឹង​សំណេរ​អបអរ​នោះ​ លោក​ក៏​បាន​និយាយ​ដែរ​ថា​ លោក​​ខាន​បាន​ហៅ​ពាក្យ​ «ប៉ា» ​មួយ​ម៉ាត់​នេះ​អស់​រយៈ​ពេល​ជា​យូរ​ណាស់​មក​ហើយ​។​

សូម​ចុច​អាន​ «​ទិវា​​គុណ​ឪពុក​» ​មិន​​​​​​ដឹង​ទៅ​កម្សាន្ត​ទីណា​ គួរ​​មើល​​កុន​៥​រឿង​​នេះ រឹត​ចំណង​គ្រួសារ​​ ​​!​​

ពិធីករ​ដៃ​គូ​ស្អិតល្មួត​របស់​កញ្ញា​ សុភក្ត្រ​ កុសម៉ា​ រូប​នេះ​បាន​រៀបរាប់​នូវ​អារម្មណ៍​របស់​កូន​ប្រុស​ម្នាក់​ ដែល​បាន​ឃ្លាត​ឆ្ងាយ​ពី​ឪពុក​ ​​ខ្លួន​ ហើយ​លែង​មាន​ឱកាស​ប្រើ​ពាក្យ​ប៉ា​ដូច​ជា​អ្នក​ដទៃ។​ នៅ​ក្នុង​សំណេរ​​ដែល​លោក​បាន​ធ្វើ​ការ​បង្ហោះ​តាម​រយៈ​ ​Facebook របស់​លោក​​ផ្ទាល់​​នោះ​​ ក៏​បាន​បង្ហាញ​ពី​ការ​សោកស្ដាយ​ ការដឹង​គុណ​ និង​​ពាក្យ​​អរគុណ​ចំពោះ​លោក​ប៉ា​ដែល​បាន​ចែក​ឋាន​ទៅ​ហើយ​របស់​លោក​ផង​ដែរ​។​

«​រីករាយ​ថ្ងៃ​លោក​ឪពុក​ ១៥​ឆ្នាំ​ហើយ​ ដែល​ខ្ញុំ​គ្មាន​ប៉ា​ហៅ​នឹង​គេ​ ១៥​ឆ្នាំ​ហើយ​ ដែល​ខ្ញុំ​មិនបាន​ទទួល​អារម្មណ៍​ស្រលាញ់​ពី​ប៉ា​ ១៥​ឆ្នាំ​ហើយ​ ដែល​ខ្ញុំ​បាន​កែប្រែ​ខ្លួន​ឯង​ លែង​ជា​ក្មេង​ទំនើង​ដូច​មុន​ ១៥​ឆ្នាំ​ហើយ​ ដែល​ខ្ញុំ​បាន​រៀន​សូត្រ​ពី​ជីវិត​មួយ​នេះ​ ១៥​ឆ្នាំ​ហើយ​ ដែល​ខ្ញុំ​បាន​ប្រាប់​ខ្លួន​ឯង​ថា​នឹង​ធ្វើ​ឱ្យ​ប៉ា​ខ្ញុំ​ ដែល​នៅ​ឋាន​សួគ៌​មាន​មោទនភាព​ដែល​មាន​កូន​ម្នាក់​នេះ​ ១៥​ឆ្នាំ​ហើយ​ដែល​ខ្ញុំ​ចង់​ធ្វើ​ជា​ស្វាមី​ទីពីរ​របស់​ប្រពន្ធ​ប៉ា​ ១៥​ឆ្នាំ​ហើយ​ ដែល​ខ្ញុំ​បាន​ស្គាល់​​នូវ​អារម្មណ៍​ដែល​រស់​គ្មាន​ប៉ា​ច្បាស់លាស់​ណាស់​» ហើយ​បើ​អាច​បក​ទៅ​១៥​ឆ្នាំ​ថយ​ក្រោយ​វិញ​ ខ្ញុំ​មាន​រឿង​ជា​ច្រើន​ចង់​និយាយ​ នឹង​រឿង​មួយ​ដែល​ខ្ញុំ​ចង់​ធ្វើ​បំផុត​ គឺ​លុត​ជង្គង់​មុខ​គាត់​ សំពះគាត់​បី​ដង​ហើយ​និយាយ​ថា​ អរគុណ​ដែល​អនុញ្ញាត​ឱ្យ​ខ្ញុំ​មក​រស់​នៅ​លើ​ពិភពលោក​មួយ​នេះ​ ចង់​និយាយ​ថា​ ប៉ា​ជា​បេះដូង​កូន​។ Father’s DAY

ក្រោយ​ពិធីករ​រូប​សង្ហា​បាន​​បង្ហោះ​សារ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ ក៏​មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ចូល​មក​លើក​ទឹក​ចិត្ត​កុំ​ឱ្យ​តារា​រូប​នេះ​ពិបាក​ចិត្ត ខណៈ​អ្នក​មួយ​ចំនួន​ទៀត​ក៏​បាន​លើក​ឡើង​ដែរ​ថា​ ខ្លួន​ក៏​គ្មាន​ឪពុក​និង​ចង់​មាន​ឪពុក​ហៅ​ដូច​ជា​គេ​ដែរ​។

តាមរយៈ​សំណេរ​រៀបរាប់​ខាង​លើ​នេះ​គឺ​ជា​ឧទាហរណ៍​ដ៏​ល្អ​មួយ​សម្រាប់​ឱ្យ​កូន​ៗ​បានដ​ឹង​ថា​ ពេលវេលា​របស់​មនុស្ស​ុយើង​ពិត​ជា​មាន​តម្លៃ​ណាស់​ ដូច្នេះ​កុំ​បណ្ដោយ​ឱ្យ​ពេលវេលា​ឱ្យ​កន្លង​ហួស​ទៅ​ដោយ​មិន​បាន​ធ្វើ​អ្វី​មួយ​​ល្អៗ​សម្រាប់​អ្នក​មាន​គុណ​របស់​អ្នក​ ព្រោះ​បើ​ពេលវេលា​កន្លង​ទៅ​ហួស​ហើយ​នោះ​ អ្នក​មិនអាច​ទាញ​ពេលវេលា​ឱ្យ​បកក្រោយ​បាន​ឡើយ​ ទោះ​​ជា​អ្នក​មាន​ប្រាក់​ច្រើន​ឬ​មាន​អំណាយ​ធំ​ប៉ុណ្ណា​ក៏​ដោយ​៕ ​

Telegram-Troryorng
Share.