នៅថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៥:៤៩នាទីព្រឹក សមាជិក​ក្រុមបាល់ទះ​បុរសជម្រេីសជាតិ​ជប៉ុន​ Yuji Nishida បានរៀប​អាពាហ៍ពិពាហ៍​ជាមួយនាង​ Sarina Koga សមាជិក​បាល់ទះ​ជម្រើស​ជាតិ​នារី​ជប៉ុន​។

Yuji Nishida គឺជាកីឡាករបាល់ទះជប៉ុនវ័យក្មេង ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែសមត្ថភាពដ៏អស្ចារ្យរបស់គេ ខណ:រូបគេទើបមានវ័យ២២ឆ្នាំប៉ុណ្ណោះ ដោយចាប់ផ្តើមអាជីពដំបូងនៅឆ្នាំ ២០១៧ ជាមួយក្រុម JTEKT Stings លីគបាល់ទះកំពូលរបស់ជប៉ុន V.League Division 1។

នៅឆ្នាំ ២០២១ សមាជិកក្រុមបាល់ទះជម្រើសជាតិជប៉ុន Yuji Nishida បានសម្រេចចិត្តចាកចេញពីស្រុកកំណើត ធ្វើដំណើរទៅប្រកបអាជីពនៅក្រៅប្រទេសជាលើកដំបូង ដោយចូលរួមក្រុម Tonno Callipo Volley នៅលីគបាល់ទះកំពូលរបស់អ៊ីតាលី Lega Pallavolo Serie A ចំនួន១រដូវកាល។ មុនវិលត្រលប់មកកាន់ក្រុម JTEKT Stings វិញនៅឆ្នាំ ២០២២។

កីឡាករកម្ពស់ ១,៨៦ម៉ែត្ររូបនេះ ធ្លាប់បានឈ្នះមេដាយមាស ក្នុងការប្រកួត «2017 Asian Boys’ U19 Volleyball Championship» ក្នុងប្រទេសមីយ៉ាន់ម៉ា និងមេដាយសំរិទ្ធឲ្យជម្រើសជាតិជប៉ុន នៅក្នុងការប្រកួត «2019 Asian Men’s Volleyball Championship» ក្នុងប្រទេសអ៊ីរ៉ង់។

រីឯអ្នកនាង Sarina Koga គឺសមាជិក​បាល់ទះ​ជម្រើស​ជាតិ​នារី​ជប៉ុន តាំងពីឆ្នាំ ២០១៣ ដោយមានកម្ពស់១.៨០ម៉ែត្រ និងវ័យ២៦ឆ្នាំ បច្ចុប្បន្នលេងនៅក្រុម NEC Red Rockets លីគបាល់ទះកំពូលរបស់ជប៉ុន V.League Division 1។

ធ្លាប់បានឈ្នះមេដាយមាស ក្នុងការប្រកួត «2017 Asian Women’s Volleyball Championship» ក្នុងប្រទេសហ្វីលីពីន និងមេដាយសំរិទ្ធ «2013 FIVB Volleyball Women’s U23 World Championship» ក្នុងប្រទេសម៉ិកស៊ិក៕

Share.