ខ្សែប្រយុទ្ធ Cristiano Ronaldo បានធ្វើដំណើរដល់ប្រទេសអារ៉ាប៊ីសាអូឌីត នៅយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ដើម្បីត្រៀមចូលរួមក្នុងកម្មវិធីបង្ហាញខ្លួនផ្លូវការយប់នេះ នៅកីឡដ្ឋាន Mrsool Park របស់ក្លិបបាល់ទាត់ Al-Nassr វេលាម៉ោង ១១:០០នាទីយប់ (ម៉ោងនៅកម្ពុជា)។

បច្ចុប្បន្នអ្នកគាំទ្ររបស់ក្លិបបាល់ទាត់ Al-Nassr ជាច្រើនម៉ឺននាក់កំពុងនាំគ្នាសម្រុកទៅទិញអាវលេខ ៧ ដែលមានឈ្មោះ Ronaldo នៅខាងក្រោយ ក្នុងហាងលក់សំលៀកបំពាក់ (Fan Store) រហូតដល់ថ្នាក់ក្លិបបោះពុម្ភលែងចង់ទាន់។

សម្រាប់ការបង្ហាញខ្លួនលើកដំបូងរបស់ Ronaldo ឲ្យក្លិប Al-Nassr គឺនៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០២៣ ក្នុងជំនួបជាមួយក្លិប Al-Ta’ee ក្នុងពានរង្វាន់ Saudi Pro League នៅកីឡដ្ឋាន Mrsool Park វេលាម៉ោង ១០:០០នាទីយប់។

គួរដឹងថាក្លិប Al-Nassr ស្ថិតនៅលីគកំពូល Saudi Professional League ឬ Saudi Pro League របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៧៦ ពោលគឺមានអាយុកាល ៤៦ឆ្នាំ។ ខណ:រដូវកាលមុន (២០២១-២០២២) ម្ចាស់ជើងឯកបានទៅក្រុម Al-Hilal ដែលជាក្រុមជោគជ័យបំផុតនៅលីគមួយនេះសរុប១៨សម័យកាល៕

Share.