យោងតាមការចុះផ្សាយរបស់គេហទំព័រ MARCA របស់ប្រទេសអេស្ប៉ាញបានឱ្យដឹងថា Cristiano Ronaldo បានដាក់លក្ខខណ្ឌពិសេសមួយក្នុងកិច្ចសន្យាជាមួយក្លិបរបស់អារ៉ាប៊ីសាអ៊ូឌីត Al-Nassr ក្នុងការលេងឱ្យ Newcastle United នៃក្របខណ្ឌ Premier League ប្រសិនបើក្លិបបាល់ទាត់សារិកាព្រៃមួយនេះ អាចទៅលេងនៅក្របខណ្ឌ Champions League នៅរដូវកាលក្រោយ។

សារព័ត៌មាន Marca បានអះអាងថា Ronaldo អាចផ្ទេរទៅកាន់កីឡដ្ឋាន St. James’s Park ក្នុងលក្ខខណ្ឌខ្ចីជើងប្រសិនបើ Newcastle អាចបញ្ចប់នៅចំណាត់ថ្នាក់លេខ ៤ (Top4) ក្នុងរដូវកាលនេះ។ ករណីអាចកើតឡើងដោយសារតែក្លិប Newcastle និង Al-Nassr ស្ថិតក្នុងការគ្រប់គ្រងដោយមូលនិធិវិនិយោគសាធារណៈរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតដូចគ្នា។

បច្ចុប្បន្នក្លិបបាល់ទាត់ Newcastle United ក្រោមការដឹកនាំរបស់លោក Eddie Howe កំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣ ក្នុងក្របខណ្ឌ Premier League មាន៣៤ពិន្ទុ ក្រោយឆ្លងកាត់ ១៧ប្រកួត ឈ្នះ៩ ស្មើ៧ និងចាញ់១ដងប៉ុណ្ណោះ។

ខ្សែប្រយុទ្ធ Cristiano Ronaldo បានធ្វើដំណើរដល់ប្រទេសអារ៉ាប៊ីសាអូឌីតហើយ នៅយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ដើម្បីត្រៀមចូលរួមក្នុងកម្មវិធីបង្ហាញខ្លួនផ្លូវការយប់នេះ នៅកីឡដ្ឋាន Mrsool Park របស់ក្លិបបាល់ទាត់ Al-Nassr វេលាម៉ោង ១១:០០នាទីយប់ (ម៉ោងនៅកម្ពុជា)។

សម្រាប់ការបង្ហាញខ្លួនលើកដំបូងរបស់ Ronaldo ឲ្យក្លិប Al-Nassr គឺនៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០២៣ ក្នុងជំនួបជាមួយក្លិប Al-Ta’ee ក្នុងពានរង្វាន់ Saudi Pro League នៅកីឡដ្ឋាន Mrsool Park វេលាម៉ោង ១០:០០នាទីយប់នេះ៕

Share.