អាជ្ញាធរបាននិយាយកាលពីថ្ងៃ ច័ន្ទ ថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និង ការរអិលបាក់ដីនាពេលថ្មីៗនេះនៅទូទាំងប្រទេសហ្វីលីពីនដែលងាយរងគ្រោះដោយគ្រោះមហន្ដរាយបានកើនឡើងដល់ ៥១នាក់ហើយ ខណៈអាជ្ញាធរបានចែកចាយកញ្ចប់អាហារដល់សហគមន៍ដែលរងគ្រោះខ្លាំងបំផុត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ អង្គារ ទី ០៣ ខែ មករា ឆ្នាំ ២០២៣។

យោងតាមទីភ្នាក់ងារគ្រោះមហន្ដរាយជាតិបានឲ្យដឹងថា ចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត ខណៈក្រុមអ្នកជួយសង្រ្គោះកំពុងស្វែងរកមនុស្ស ១៩នាក់ទៀត ដែលនៅបាត់ខ្លួនជាង ១សប្ដាហ៍ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារតំបន់ភាគកណ្ដាល និង ភាគខាងត្បូង កាលពីថ្ងៃបុណ្យ ណូអែល។

អ្នកស្លាប់ភាគច្រើនគឺនៅក្នុងខេត្ត Misamis Occidental ស្ថិតនៅលើកោះភាគខាងត្បូង Mindanao ដែលមានមនុស្ស ១៩នាក់បានស្លាប់ដោយសារតែលង់ទឹក និង ការបាក់ដី។

អាកាសធាតុអាក្រក់បានវាយប្រហារប្រទេសនេះ ដោយបណ្ដាលឲ្យមនុស្សជាង ២៧ម៉ឺននាក់ ត្រូវស្វែងរកទីជម្រកសង្រ្គោះបន្ទាន់ ដោយសារតែភ្លៀងធ្លាក់លិចភូមិ ធ្វើឲ្យផ្ទះជាង ៤,៥០០ខ្នង រងការខូចខាត និង បំផ្លាញដំណាំជាង ៧,០០០ហិកតា។

សូមជម្រាបថា ប្រទេសហ្វីលីពីនជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ហើយអ្នកវិទ្យាសាស្រ្តបានព្រមានថា ព្យុះកំពុងមានកម្លាំងកាន់តែខ្លាំងនៅពេលដែលពិភពលោកកាន់តែឡើងកម្ដៅខ្លាំង៕

ប្រភព៖ CNA

Share.