
នៅរសៀលថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០២៣ ក្លិបបាល់ទាត់ណាហ្គាវើលដ៍ បានប្រកាសចែកផ្លូវគ្នាជាមួយខ្សែបម្រើ គួច ដានី ក្រោយរួមចំណែកជួយក្រុមអស់រយ:ពេល៥រដូវកាល នៅលីគកំពូលកម្ពុជា។
គួច ដានី ជាកីឡាករកូនកាត់ខ្មែរ-បារាំងដែលមកប្រកបអាជីពបាល់ទាត់នៅកម្ពុជា ដំណាលគ្នាជាមួយ ធារី ចន្ថាប៊ីន និង កុក បុរីស ដោយដំបូងឡើយរូបគេលេងឲ្យក្លិបភ្នំពេញក្រោន ហើយនៅឆ្នាំ ២០១៦ បានចូលរួមជាមួយក្លិបអង្គរថាយហ្គឺរ (អតីតក្លិប Cambodian Tiger FC)។
ក្រោយមក គួច ដានី ដែលមានប្រភពដើមចេញពីបាល់ទាត់ហ្វូតសាលរហូតជាប់ក្នុងឈុតក្រុមជម្រើសជាតិហ៊្វូតសាលរបស់បារាំងអាយុក្រោម២១ឆ្នាំ (U-21) បានចូលរួមជាមួយក្លិបមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់)។
នៅឆ្នាំ ២០១៧ រូបគេបានចុះកុងត្រាជាមួយក្លិបណាហ្គាវើលដ៍ ដែលបានជាកីឡាករសំខាន់ម្នាក់ជួយឲ្យឈ្នះជើងឯកលីគកំពូលកម្ពុជារដូវកាល២០១៨ និងបន្តអាជីពរហូតដល់ចប់កុងត្រានៅចុងឆ្នាំ ២០២២៕
