លោក Jacksen F. Tiago គ្រូ​បង្វឹក​ជនជាតិ​ប្រេស៊ីល ដែល​កំពុង​តែ​ដឹកនាំ​ក្រុម​បាល់ទាត់ Persipura Jayapura ​របស់​ឥណ្ឌូណេស៊ី បាន​​ចាប់​ផ្ដើម​ប្រមូល​កូន​ក្រុម​របស់​ខ្លួន​ហើយ​​នៅ​​សប្ដាហ៍​នេះ​ដើម្បី​ត្រៀម​ស្វាគមន៍​អ្នក​ឈ្នះ​រវាង​ក្រុម​វិសាខា របស់​កម្ពុជា ឬ ក្រុម Lalenok United របស់​ទីម័រខាងកើត ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​កម្រិត​ទ្វីប​អាស៊ី AFC Cup 2021។

នៅ​ក្នុង​សន្និសិទសារព័ត៌មាន​ថ្ងៃ​ពុធ សប្ដាហ៍​នេះ​គ្រូ​បង្វឹក Jacksen បាន​បញ្ជាក់​ថា​លោក​បាន​ប្រមូល​ផ្ដុំ​កីឡាករ​ហ្វឹកហាត់​ចំនួន​២៦​នាក់ ដោយ​ក្នុង​នោះ​មាន​កីឡាករ​ជប៉ុន ១រូប​ឈ្មោះ Takuya Matsunaga នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​​ទីក្រុង Jayapura នៅ​​រសៀល​ថ្ងៃ​ព្រហស្បត្តិ៍ នេះ។

«ក្រុម Persipura Jayapura ក៏​ជួប​បញ្ហា​ហិរញ្ញវត្ថុ ដែរ​​ហើយ​មក​ទល់​ពេល​នេះ​ក្លិប​មិន​ទាន់​មាន​ផែនការ​ចេញ​ទៅ​ហ្វឹកហាត់​ឬ​ប្រកួត​មិត្តភាព​នៅ​ខាង​ក្រៅ​ខេត្ត Papua របស់​ខ្លួន​នៅ​ឡើយ។ យើង​នឹង​ស្វែង​រក​ក្រុម​ដែល​មាន​កម្រិត​ប្រហាក់ប្រហែល​គ្នា​ដើម្បី​ប្រកួត​មិត្តភាព​ កុំ​ឱ្យ​ខុស​គ្នា​ឆ្ងាយ​ពេក»។ លោក​គ្រូ​បង្វឹក​វ័យ​​៥២​ឆ្នាំ​បញ្ជាក់។

ម៉្យាង​ផែនការ​របស់​ក្លិប​គឺ​ចុះ​បញ្ជី​កីឡាករ​​សរុប​ចំនួន​៣០នាក់ ឱ្យ​ស្រប​តាម​ការ​កំណត់​របស់​​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី ដែល​ក្រុម​ជា​សមាជិក​ពាន AFC Cup អាច​ចុះ​បញ្ជី​សមាជិក​បាន​យ៉ាង​ច្រើន​៣០នាក់ ក្នុង​ក្រុម។ ប៉ុន្តែ​នៅ​ពេល​នេះ​ក្លិប​មិន​ទាន់​បង្ហាញ​សមាសភាព​កីឡាករ​៤ រូប​ទៀត​នៅ​ឡើយ​នោះ​ទេ។

តាម​ផែនការ​​អ្នក​ឈ្នះ​រវាង​ក្រុម​វិសាខា និង​ក្រុម​ Lalenok United ​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២១ ត្រូវ​ឡើង​ទៅ​ជួប​ក្រុម Persipura Jayapura ក្នុង​វគ្គ​ជម្រុះ​​តំបន់​អាស៊ាន នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា ដើម្បី​រក​អ្នក​ឈ្នះ​ឡើង​ទៅ​លេង​វគ្គ​ចែក​ពូល​​ក្នុង​ពូល H នៃ​ពាន AFC Cup 2021 ដែល​មាន​ក្រុមKedah Darul Aman របស់​ម៉ាឡេស៊ី, Lion City Salilors របស់​សិង្ហបុរី និង Saigon របស់​វៀតណាម កំពុង​អង្គុយចាំ៕

Share.