ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហាញខ្លួនផ្លូវការ នៅទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងកីឡដ្ឋាន Mrsool Park របស់ក្លិបបាល់ទាត់ Al-Nassr កាលពីរាត្រីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ចំពោះមុខអ្នកគាំទ្រជាង២ម៉ឺននាក់។

ក្នុងនោះ Ronaldo ក៏បានថ្លែងក្នុងសន្និសីទកាសែតរបស់ក្លិប Al-Nassr ដូច្នេះថា៖«មានក្លិបជាច្រើននៅប្រេស៊ីល អាមេរិក អូស្ត្រាលី និងព័រទុយហ្កាល់ បានព្យាយាមទាក់ទងខ្ញុំទៅលេងនៅទីនោះ ប៉ុន្តែខ្ញុំសម្រេចផ្លាស់មកកាន់ទឹកដីអារ៉ាប៊ីសាអូឌីត ហើយនេះគឺជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់ខ្ញុំ»។

«ការផ្លាស់មកកាន់ទឹកដីអារ៉ាប៊ីសាអូឌីត គឺដើម្បីជួយអភិវឌ្ឍបាល់ទាត់ក្នុងប្រទេសនេះ និងការប្រកួតប្រជែងក្នុងតំបន់អាស៊ី ដ៏ដូចជាការផ្តល់ឱ្យស្រទាប់យុវវ័យជំនាន់ក្រោយទាំងក្នុងប្រទេសអារ៉ាប៊ីសាអូឌីតរួមទាំងក្នុងតំបន់ឱ្យស្គាល់នូវបាល់ទាត់ឱ្យបានកាន់តែទូលំទូលាយ ជាពិសេសគឺជំរុញដល់ក្រុមបាល់ទាត់នារីតែម្តង»។

សម្រាប់ការបង្ហាញខ្លួនលើកដំបូងរបស់ Ronaldo ឲ្យក្លិបបាល់ទាត់ Al-Nassr គឺនៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០២៣ ក្នុងជំនួបជាមួយក្លិប Al-Ta’ee ក្នុងពានរង្វាន់ Saudi Pro League នៅកីឡដ្ឋាន Mrsool Park វេលាម៉ោង ១០:០០នាទីយប់។

គួរដឹងថាក្លិប Al-Nassr ស្ថិតនៅលីគកំពូល Saudi Professional League ឬ Saudi Pro League របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៧៦ ពោលគឺមានអាយុកាល ៤៦ឆ្នាំ។ ខណ:រដូវកាលមុន (២០២១-២០២២) ម្ចាស់ជើងឯកបានទៅក្រុម Al-Hilal ដែលជាក្រុមជោគជ័យបំផុតនៅលីគមួយនេះសរុប១៨សម័យកាល។

សម្រាប់ថ្លៃនឿយហត់ដែលក្លិប Al-Nassr នឹងផ្តល់ជូនខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំរូបនេះក្នុងមួយឆ្នាំ៖
– ១៧៩ លានអឺរ៉ូក្នុងមួយឆ្នាំ
– ១៤,៩១៦,៦៦៧ លានអឺរ៉ូក្នុងមួយខែ
– ៣,៤៤២,៣០៨ លានអឺរ៉ូក្នុងមួយសប្តាហ៍
– ៤៩០,៤១១ អឺរ៉ូក្នុងមួយថ្ងៃ
– ២០,៤៣៤ អឺរ៉ូក្នុងមួយម៉ោង
– ៣៤១ អឺរ៉ូក្នុងមួយនាទី
– ៥.៦ អឺរ៉ូក្នុងមួយវិនាទី៕

Share.