ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Conor Nestor បានប្រកាសនាំចូលខ្សែបម្រើ គួច ដានី ពោលគឺមួយថ្ងៃបន្ទាប់ពីនាំចូលខ្សែការពារស្លាប សេត រ៉ស៊ីប ត្រៀមសម្រាប់ពានរង្វាន់នានានៅឆ្នាំ ២០២៣ នេះ។

គួច ដានី​ ជា​កីឡាករ​កូន​កាត់​ខ្មែរ-បារាំង​ដែល​​មក​ប្រកប​អាជីព​បាល់ទាត់នៅកម្ពុជា ​ដំណាល​គ្នា​ជា​មួយ​ ធារី ចន្ថាប៊ីន​ និង កុក បុរីស​ ដោយដំបូង​ឡើយ​រូប​គេ​លេង​ឲ្យ​ក្លិប​ភ្នំពេញ​ក្រោន​ ហើយ​​នៅ​ឆ្នាំ ​២០១៦ ​​បាន​ចូល​រួម​ជា​មួយ​ក្លិប​អង្គរថាយហ្គឺរ (អតីត​ក្លិប​ Cambodian Tiger FC​)។

ក្រោយ​មក​ គួច ដានី ដែល​​មាន​​ប្រភព​ដើម​ចេញ​ពី​បាល់ទាត់​ហ្វូតសាល​រហូត​ជាប់​ក្នុង​ឈុត​​ក្រុម​ជម្រើស​ជាតិ​ហ៊្វូតសាល​​របស់​បារាំង​អាយុ​ក្រោម​២១​ឆ្នាំ (U-21)​ ​បាន​ចូល​រួម​ជា​មួយ​​ក្លិប​​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា (​ស៊ីម៉ាក់)។

​​នៅឆ្នាំ ​២០១៧ ​រូប​គេ​បាន​ចុះ​កុង​ត្រា​ជា​​មួយ​ក្លិប​ណាហ្គាវើល​ដ៍ ដែល​​បាន​​ជា​កីឡាករ​សំខាន់​ម្នាក់​ជួយ​ឲ្យ​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា​រដូវ​កាល​២០១៨​ និង​បន្តអាជីពរហូតដល់ចប់កុងត្រានៅចុងឆ្នាំ ២០២២ មុនចូលរួមព្រះខ័នរាជស្វាយរៀង នៅដើមឆ្នាំ២០២៣។

កាលពីពេលថ្មីៗនេះក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក៏បានប្រកាសពីការចាកចេញរបស់គ្រូជំនួយសញ្ជាតិអេស្ប៉ាញ លោក Oriol Segura បន្ទាប់ពីមានការយល់ព្រមទាំងសងខាង រួមទាំងខ្សែប្រយុទ្ធស្លាប ម៉ុន វ៉ាន់ដា និងអ្នកចាំទី លី សុម៉េត។

ជាពិសេសខ្សែប្រយុទ្ធអេស្ប៉ាញ Victor Blasco និងអ្នកចាំទី អ៊ុំ សេរីរ័ត្ន ក្រោយកិច្ចសន្យាខ្ចីជើងពីក្លិប Tiffy Army FC ចំនួន១រដូវកាលត្រូវបានបញ្ចប់៕

Share.