សិល្បៈ​អន្តរជាតិ​៖ កំពូល​តារា​ចម្រៀង​ប៉ុប​សញ្ជាតិ​កាណាដា​ Justin Bieber ជិត​បិទ​ការ​ចរចារ​លក់​កម្មសិទ្ធិ​ចម្រៀង​ដែល​មាន​តម្លៃ​២០០​លាន​ដុល្លារ​ឱ្យ​ទៅ​ក្រុមហ៊ុន​ចម្រៀងBlackstone and Hipgnosis Song នេះបើ​យោងតាម​សេចក្ដី​រាយការណ៍​ពី​​កាសែត​ the wall Journal។

កិច្ច​ការ​ចរចា​នេះ​ប្រហែល​ជា​បូករួម​ទាំង​ភាគលាភ​ដែល​តារា​ចម្រៀង​រូប​នវ​ទទួល​បាន​ទៅ​លើ​ការ​បោះ​ពុម្ព​ក៏​ដូច​ជា​​ catalog ចម្រៀង​ទាំង​មូល​។ តាម​ដឹង​ Hipgnosis បាន​ទិញ​ catalog ចម្រៀង​ពី​តារា​ដើម្បី​រក​ចំណូល​ពី​ចម្រៀង​ដែល​គេ​ដាក់​ Stream នៅ​លើ​អនឡាញ​ឬ​ប្រើប្រាស់​ជា​ Background ភាពយន្ត​ឬ​ស្ពត​ពាណិជ្ជកម្ម​។

តារា​ចម្រៀង​ Justin ចាប់​ផ្ដើម​កសាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​តាំង​ពី​អាយុ​១៣​ឆ្នាំ​តាម​រយៈ​បទ​ចម្រៀង​ «Baby»។ កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​មុន​តារា​ចម្រៀង​ប៉ុប​បាន​ទម្លាយ​ឱ្យ​ដឹង​ថាខ្លួន​កើត​ជំងឺ​ម្យ៉ាង​ដែល​ធ្វើ​ឱ្យ​មុខ​ផ្នែក​ខាង​ឆ្វេង​របស់​លោក​ខ្វិន​មិន​អាច​កំរើក​បាន​ បណ្ដាល​ឱ្យ​លោក​ត្រូវ​បង្ខំ​ចិត្ត​លុបចោល​ការ​សម្ដែង​តន្ត្រី​ទេសចរណ៍​។

ក្រៅ​ពី​ Justin Bieber​ តារា​ចម្រៀង​រៀម​ច្បង​​ Justin Timberlake ក៏​បាន​លក់​សិទ្ធិ​ចម្រៀង​របស់​ខ្លួន​ដូច​គ្នា​ដែរ​ ក្នុង​នោះ​មាន​ដូចជា​បទ​ «Cry Me A River» និង​ «Rock Your Body» ឱ្យ​ក្រុមហ៊ុន​ Hipgnosis song management កាល​ពី​ខែ​ឧសភា​ឆ្នាំ​មុន​ដែរ​។

កាល​ពី​ខែ​តុលា​ឆ្នាំ​មុន​ ក្រុមហ៊ុន​នេះ​បាន​ប្រកាស​ថា​ខ្លួន​នឹង​បោះ​ទុន​ទឹក​ប្រាក់​ប្រមាណ​១​ពាន់​លាន​ដុល្លារ​ដើម្បី​ទិញ​សិទ្ធិ​ចម្រៀង​។ ​យ៉ាង​ណា​មិញ​ក្រុមហ៊ុន​ Hipgnosis Song Managment និង​ Justin Bieber មិន​បាន​ឆ្លើយ​តប​ទៅ​កាន់​ភ្នាក់ងារ​ Reuters ឡើយ​នៅពេល​ដែល​អ្នក​កាសែត​ស្ថាប័ន​នេះ​បាន​ទំនាក់ទំនង​សុំ​សួរ​ព័ត៌មាន​បន្ថែម​៕

ប្រភព៖ NYPost

Share.