លេខាធិការក្រសួងមហាផ្ទៃហ្វីលីពីន បានប្រកាសកាលពីថ្ងៃ ពុធ ថា រដ្ឋាភិបាលហ្វីលីពីនបានស្នើសុំឲ្យមន្រ្តីប៉ូលីសជាន់ខ្ពស់រាប់រយនាក់ដាក់លិខិតលាលែងពីតំណែង ដើម្បីបោសសម្អាតកងកម្លាំងដែលពុករលួយពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀនខុសច្បាប់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នាល្ងាចថ្ងៃ ពុធ ទី ០៤ ខែ មករា ឆ្នាំ ២០២៣។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក Benjamin Abalos Jnr

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក Benjamin Abalos Jnr បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា មន្រ្តីប៉ូលីសជាន់ខ្ពស់ដែលមានឋានន្តរសក្ដិចាប់ពីថ្នាក់វរសេនីយឯក រហូតដល់ថ្នាក់ឧត្តមសេនីយ៍ ប្រហែល ៣០០នាក់ ក្នុងចំណោមកងកម្លាំងប្រមាណ ២២៧,០០០នាក់ បានធ្វើការសម្រេចចិត្តលាលែងពីតំណែងដោយខ្លួនឯង ក្រោយស៊ើបអង្កេតរកឃើញថា ពួកគេមមួយក្ដាប់តូចពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។

លោក Abalos Jnr បាននិយាយថា «យើងត្រូវសម្អាតគ្រឿងញៀនចេញពីជួរកងកម្លាំងរបស់យើង។ យើងត្រូវតែទទួលបានការទុកចិត្តពីប្រជាជនរបស់យើង។ មន្រ្តីប៉ូលីសជាច្រើននាក់ត្រូវបានចាប់ខ្លួន ឬ ដកខ្លួនចេញពីមុខតំណែង ហើយដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេតកាលពីឆ្នាំមុន ចំពោះការជាប់ពាក់ព័ន្ធ ឬ សង្ស័យថាមានជាប់ពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀន»។

អតីតប្រធានាធិបតីហ្វីលីពីន Rodrigo Duterte

ទាក់ទងនឹងការបង្រ្កាបគ្រឿងញៀននៅហ្វីលីពីន អតីតប្រធានាធិបតី Rodrigo Duterte ទទួលបានថ្កោលទោសជាអន្តរជាតិចំពោះយុទ្ធនាការបង្រ្កាបគ្រឿងញៀនដ៏សាហាវរបស់លោក ចាប់តាំងពីលោកឡើងកាន់តំណែងកាលពីឆ្នាំ២០១៦ បើយោងតាមទិន្នន័យរបស់ប៉ូលីសជាតិបានឲ្យដឹងថា យុទ្ធនាការបង្រ្កាបនេះធ្វើឲ្យជនសង្ស័យគ្រឿងញៀនជាង ៦,២០០នាក់បានស្លាប់។

អ្អ្នកប្រហារជីវិតដោយសារករណីគ្រឿងញៀន សម័យអតីតប្រធានាធិបតី Duterte

សូមជម្រាបថា ការស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានធ្វើឲ្យក្រុមសិទ្ធិមនុស្សចោទប្រកាន់ និង ថ្កោលទោសចំពោះអតីតប្រធានាធិបតី និង មន្រ្តីប៉ូលីសមួយចំនួនថា បានប្រឌិតភស្ដុតាង ដែលបានបណ្ដាលឲ្យមានមនុស្សស្លាប់រាប់ពាន់នាក់៕

ប្រភព៖ South China Morning Post

Share.