សិល្បៈ​អន្តរជាតិ​៖ សម្រាប់​កំពូល​តារា​សម្ដែង​ថៃ​វ័យ ​៤៣​ឆ្នាំ​នាង​ Aum Patcharapa Chaichua គឺ​ជា​តារា​សម្ដែង​ល្បី​និង​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស​ថៃ​។ តារា​ស្រី​រូប​នេះ​ត្រូវ​បាន​គេ​ចាត់​ចូល​ជា​សេដ្ឋីនី​របស់​ប្រទេស​ដែល​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​បំផុតហើយ​ក៏​ជា​តារា​សម្ដែង​ដែល​តម្លៃ​ខ្លួន​ខ្ពស់​កប់​ពពក​ផង​ដែរ​ បាន​ន័យ​ថា​ក្រុមហ៊ុន​ឬ​ផលិតផល​​ចង់​បាន​តារា​រូប​នេះ​ទៅ​រួម​ការងារ​ ធ្វើ​ជា​ Presenter ចាំ​បាច់ត្រូវតែ​ហ៊ាន​ចំណាយ​ខ្ពស់​ទើប​បាន​។​ ខណៈ​ដែល​ការងារ​របស់​តារា​ស្រី​រូប​នេះ​មាន​ជោគជ័យ​ដល់​ចំណុច​ខ្ពស់​បំផុត​ ប៉ុន្តែ​ស្នេហា​បែរ​ជា​មិន​ទទួល​បាន​ជោគជ័យ​ទាល់​តែ​សោះ​ ទោះ​ជា​សេព​គប់​គ្នា​ជាមួយ​នឹង​បុរស​រូប​ណា​ ទីបំផុត​ស្នេហា​នោះ​ប​ន្សល់​ត្រឹម​ការ​ឈឺចាប់​និង​អនុស្សាវរីយ៍​ប៉ុណ្ណោះ​។ ថ្ងៃ​នេះ​ត្រយង​សូមលើក​យក​បុរស ​៧​រូប​ ដែល​ធ្លាប់​​បាន​បង្កាត់​ភ្លើង​ស្នេហា​ជាមួយ​នឹង​កញ្ញា​ Aum មក​ជំរាប​ជូន​ដូច​ខាង​ក្រោម​៖​

១. តារា​ច​ម្រៀង​-តារា​សម្ដែង​ Navin Ta

សង្សារ​ដំបូង​បង្អស់​របស់​កញ្ញា​ Aum គឺ ​Navin Ta អតីត​តារា​ចម្រៀង​ដ៏​ល្បីល្បាញ​ និង​បច្ចុប្បន្ន​គឺ​ជា​បណ្ឌិត​មួយ​រូប​។ ស្នេហា​របស់​តារា​ចម្រៀង​ដ៏​ល្បី​ល្បាញ​និង​ Aum ដែល​ជា​តារា​សម្ដែង​ចំណូល​ថ្មី​ មិន​សូវ​ជា​មាន​លទ្ធផល​ល្អ​ជា​ទី​គាប់​ចិត្ត​ឡើយ​។ កាល​ណោះ​ Navin កំពុង​តែ​ល្បីល្បាញ​បំផុត​ ខណៈ​ដែល​ Aum ត្រឹម​តែ​ជា​តារា​ថ្មី​ទើប​ប្រ​ឡូក​ចូល​សិល្បៈ​ប៉ុណ្ណោះ​ ថ្វី​ត្បិត​អ្នក​ទាំង​ពីរ​មិន​ដែល​ចេញ​មក​ប្រកាស​ថា​ធ្លាប់​ទាក់ទង​គ្នា​ ប៉ុន្តែ​បុគ្គល​ជិត​ស្និទ្ធ​នឹង​អ្នក​ទាំង​ពីរ​អះអាង​ថា​ អ្នក​ទាំង​ពីរ​ធ្លាប់​មាន​អារម្មណ៍​ពិសេស​ឱ្យ​គ្នា​។ អាថ៌កំបាំង​បែកធ្លាយ​ដោយ​សារ​តែ​ Aum បាន​យក​បាច់​ផ្កា​ទៅ​អបអរសាទរ​កំលោះ​ Ta ក្នុង​ថ្ងៃ​ទទួល​បរិញ្ញា​បត្រ​ ប៉ុន្តែ​ស្នេហា​អ្នក​ទាំង​ពីរ​បាន​ដើរ​ដល់​ទី​បញ្ចប់​និង​បែកគ្នា​ដោយ​ស្ងៀមស្ងាត់​បំផុត​។

២. តារា​ចម្រៀង​ Ta Barbie

បុរស​ស្នេហ៍​ទីពីរ​របស់​ Aum ក្នុង​រង្វង់​សិល្បៈ​នោះ​គឺ​អ្នក​ចម្រៀង​ Ta Barbie ដោយ​បុរស​ម្នាក់​នេះ​គឺជា​បុរស​ដំបូង​ដែល​ Aum ហ៊ាន​ប្រកាស​ទទួល​ស្គាល់​ថា​ជា​សង្សារ​របស់​ខ្លួន​ពេញ​ៗ​មាត់​។ ស្នេហា​របស់​អ្នក​ទាំង​ពីរ​បាន​ជួប​ស្គាល់​និង​ស្រលាញ់​គ្នា​ពេល​សម្ដែង​ភាព​យន្ត​ The Fake ហើយ​បន្ទាប់​ពី​ថត​ចប់​បាន​សេពគប់​គ្នា​បាន​៣​ឆ្នាំ​ មុន​នឹង​ចប់​ទំនាក់ទំនង​បន្សល់​ត្រឹម​ឈ្មោះ​អតីតសង្សារ​។

៣. តារា​សម្ដែង​ត្រកូល Hi-So Todd Sina

បន្ទាប់​មក​ទៀត​គឺ​តារា​សម្ដែង​កំលោះ​ Hi-So Todd Sina បុរស​សង្ហា​ដែល​មាន​វ័យ​ក្មេង​ជាង​ Aum រហូត​ដល់​ទៅ​៧​ឆ្នាំ​ រហូត​ធ្វើ​ឱ្យ​កាលណោះ​ ​តារា​សម្ដែង​ដ៏​ល្បី​រូប​នេះ​ត្រូវ​បាន​គេ​ប្រសិទ្ធនាម​ឱ្យ​ថា​ប្រធាន​ជំរុំ​​មាន​សង្សារ​ក្មេង​។ ​ដោយ​សារ​តែ​មាន​និស្ស័យ​ប្រហាក់ប្រហែល​គ្នា​ ម្នាក់​ៗ​មិន​ចុះ​ចាញ់​ ​និង​មាន​អារម្មណ៍​ក្ដៅ​ដូច​គ្នា​ ធ្វើ​​ឱ្យ​ស្នេហា​នេះ​ចប់​ដោយ​សារ​តែ​ខាង​ប្រុស​ប្អូន​ខាង​ស្រី​ឆ្ងាយ​ពេក​។ ការ​បែក​បាក់​លើក​នោះ​មាន​ដំណឹង​លេច​ឮ​ថា​មាន​អ្នក​ទីបី​ចូល​មក​ជ្រៀតជ្រែក​ស្នេហ៍​តែ Aum បាន​ចេញ​មក​បញ្ជាក់​ថា​មិន​មែន​ជា​ការ​ពិត​នោះ​ទេ​។ រវាង​ Aum និង​ Todd បាន​សេពគប់​គ្នា​ជា​សង្សារ​បាន​យូរ​រហូត​ដល់​ទៅ​៥​ឆ្នាំ​​មុន​នឹង​បែក​ផ្លូវ​គ្នា​ដើរ​រៀង​ខ្លួន​។

៤. កំលោះ​ Hi-So Note Vises

បុរស​សង្ហា​ទាយាទ​មហាសេដ្ឋី​ម៉ឺន​លាន​ Note Vises ប្អូន​ថ្លៃ​របស់ Chompoo Araya ក៏​ធ្លាប់​ជា​សង្សារ​សេពគប់​គ្នា​ជាមួយ​នឹង​ Aum បាន​៣​ឆ្នាំ​ជាង​ដែរ​។ មុន​នឹង​បែក​គ្នា​អ្នក​គាំទ្រ​ធ្លាប់​នឹ​ក​គិត​ទៀត​ថា​ Aum អាច​នឹង​ក្លាយ​ជា​កូនប្រសារ​ស្រី​តូច​របស់​គ្រួសារ​ Hi-So នេះ​ថែម​ទៀត។​ សម្រាប់​ស្នេហា​របស់​អ្នក​ទាំង​ពីរ​នេះ​បញ្ចប់​ទៅ​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​នោះ​ទេ​ ដោយ Aum បាន​ផ្ដល់​ហេតុផល​ខ្លី​ៗ​ថា​ ដោយ​សារ​តែ​អត្តចរិត​ចាស់​របស់​ Note ដោយ​បោះ​សម្ដី​ថា​ Note គឺ​ជា​កំលោះ​សង្ហា​​រើស​ស្រី​ណា​ក៏​បាន​។ បន្ទាប់​ពី​បែក​ពី​សង្សារ​ម្នាក់​នេះ​ Aum បាន​ប្រកាស​ជា​ចំហរ​ទទួល​យក​បុរស​ថ្មី​ដោយ​មាន​លក្ខណៈ​សាមញ្ញ​គឺ​បុរស​ម្នាក់​នោះ​មាន​ត្រឹម​តែ​កែវ​ភ្នែក​ដែល​មើល​តែ​ Aum ម្នាក់​គត់​គឺ​បាន​ហើយ​ ដោយ​សម្ដី​ប៉ុន្មាន​ម៉ាត់​របស់​ Aum បាន​ធ្វើ​ឱ្យ​មហាជន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។

៥. អ្នក​ធុរកិច្ច​ល្បី​ Am Pithan

ប្រុស​ស្នេហ៍​ទី​៥គឺ​ កំលោះ​អ្នក​ធុរកិច្ច​ល្បីល្បាញ​ Am Pithan ដោយ​អ្នក​ទាំង​ពីរ​កាល​នៅ​ជា​សង្សារ​នឹង​គ្នា​គឺ​ផ្អែម​ល្ហែម​​ជា​ទី​បំផុត​ ថែម​ទាំង​ឧស្សហ៍​បង្ហោះ​រូប​ភាព​ Sweet ឱ្យ​អ្នក​គាំទ្រ​បាន​ច្រណែន​លើ​ IG ជាញឹកញាប់​។ ស្នេហា​រវាង​អ្នក​ទាំង​ពីរ​បាន​បញ្ចប់​ត្រឹម​រយៈ​ពេល​៤​ឆ្នាំ​ ដោយ​ក្នុង​នោះ​មាន​ដំណឹង​លេច​ឮ​បែក​គ្នា​ជា​ញឹកញាប់​ រហូត​ចុង​ក្រោយ​សាមី​ខ្លួន Aum ​បាន​ចេញ​មក​ប្រកាស​ថា​អ្នក​ទាំងពីរ​ឈប់​ទាក់ទង​គ្នា​ហើយ​ ប៉ុន្តែ​មិន​បាន​ប្រាប់​ពី​មូលហេតុ​បែក​បាក់​គ្នា​នោះ​ទេ​​។

៦. ទាយា​ទ​ហាង​ពេជ្រ​ Fluke Voravuth

ជូត​ទឹក​ភ្នែក​ព្រោះ​ស្នេហា​បែក​បាក់​មិនយូរ​ប៉ុន្មាន​ Aum ក៏​មាន​បុរស​សង្ហា​ទាយាទ​ហាង​ពេជ្រ​លំដាប់​ពាន់លាន​បាត​ Fluke Voravuth ​ចូល​ខ្លួន​មក​ក្នុង​ជីវិត​។ បុរស​សង្ហា​រូប​នេះ​បាន​ព្យាយាម​យក​ចិត្ត​​ទុក​ដាក់​ ព្យាយាម​តាម​សុំ​ស្នេហ៍​ ប៉ុន្តែ​ដោយសារ​ Aum មិន​ទាន់​រាងចាល​នឹង​ស្នេហា​ចាស់​ ទើប​​ផ្ដល់​ឱ្យ​ទំនាក់ទំនង​នេះ​បាន​ត្រឹម​ជា​មិត្ត​ភក្ដិ​សិន​ ប៉ុន្តែ​ដោយ​សារ​តែ​ Fluke ចិត្ត​ក្ដៅ​មិន​អាច​ចាំ​បាន​ទើប​លើក​ដៃ​លា​ ធ្វើ​ឱ្យ​គ្រប់​យ៉ាង​ចប់​ត្រឹម​ពាក្យ​ជា​មិត្ត​។

៧. សង្សារ​ទើប​បែក​បាក់​គ្នា​ដើម​ឆ្នាំ​២០២៣​  Pok Phornprapha

ស្នេហា​ថ្មី​កាល​ពី​វ័យ​៤០​ឆ្នាំ​ ធ្វើ​ឱ្យ​ Aum វិល​ត្រលប់​មក​ក្មេង​ម្ដ​ងទៀត​ បុរស​ស្នេហ៍​ថ្មី​របស់​ Aum នៅ​តែ​ជា​កំលោះ​ Hi-So ទាយាទ​មហាសេដ្ឋី​ដដែល​ ដោយ​​អ្នក​​ថ្មី​នេះ​គឺ​កំលោះ​ Pok Pratarnwong។ ស្នេហា​ថ្មី​នេះ​រង្គោះ​រង្គើ​ប្រៀប​ដូ​ចទឹក​លើ​ស្លឹក​ឈូក​​ព្រោះ​ទើប​តែ​សេព​គប់​គ្នា​បាន​​៤​ខែ ស្រាប់​តែ​ធ្លាយ​ដំណឹង​បែក​គ្នា​ ប៉ុន្តែ​បញ្ហា​នោះ​បាន​ដោះ​ស្រាយ​គ្នា​រួច​ ដោយ​ Aum សុខ​ចិត្ត​ផ្ដល់​ឱកាស​ឱ្យ​កំលោះ​ Pok ម្ដង​ទៀត​។ អ្នក​ទាំង​ពីរ​សេពគប់​គ្នា​បាន​រហូត​ដល់​ឆ្នាំ​ទី​៥ ស្រាប់​តែ​បែក​ធ្លាយ​ដំណឹង​មាន​បាតដៃ​ទី​៣​ចូល​មក​បំបែក​បំបាក់​ស្នេហ៍​អ្នក​ទាំងពីរ​ ដោយ​នារី​ម្នាក់​នោះ​គឺជា​តារា​សម្ដែង​កូន​កាត់​ Matt Teeranee មាន​សង្សារ​ជា​កូន​មហាសេដ្ឋី​ដី​ និង​រីសត នៅ​តំបន់ខៅយ៉ៃ ​ប៉ុន្តែ​ភាគី​ខាង​ប្រុស​បាន​ចេញ​មក​បដិសេធ​ថា​មិន​មែន​ជា​ការ​ពិត​ ដោយ​អះអាង​ថា​ការ​បែក​បាក់​គ្នា​លើក​នេះ​គឺ​មាន​ការ​យល់​ស្រប​ពី​អ្នក​ទាំង​ពីរ​ មិន​មាន​មនុស្ស​ទី​៣​នោះ​ឡើយ​៕

ប្រភព៖​ បរទេស

Share.