សិល្បៈ​អន្តរជាតិ​៖ ថ្មីៗ​នេះ​ក្រុម​អ្នក​គាំទ្រ​តារា​ចម្រៀង​ Celine Dion បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ទីស្នាក់​ការ​ទស្សនាវដ្ដី​ Rolling Stone ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​សម្រេច​ដែល​ទស្សនាវដ្ដី​មួយ​នេះ​​ដក​ឈ្មោះ​ម្ចាស់​បទ​ Titanic ចេញ​ពី​បញ្ជី​ឈ្មោះ​ «200 Greatest Singers of all time»។

យោង​តាម​​ការ​ផ្សាយ​របស់​ Variety បាន​ឱ្យ​ដឹង​ថា​ក្រុម​អ្នក​គាំទ្រ​ជនជាតិ​កាណាដា​បាន​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ទី​ស្នាក់​ការ​កណ្ដាល​របស់​ទស្សនាវដ្ដី​នៅទីក្រុង​ញូវយ៉ក​​រួម​ជាមួយ​នឹង​ប៉ាដា​សរសេរ​អក្សរ​​ប្រឆាំង។ តំណាង​ឱ្យ​ក្រុម​បាតុ​ករ​បាន​ប្រាប់​ថា​ពួក​គេ​គឺជា​សមាជិក​ក្រុម​ Redheads ក្រុម​អ្នក​ស្រលាញ់​ Celine Dion នៅ​ក្រុង​ Montreal។ ពួក​គេ​បាន​ធ្វើ​ដំណើរ​រយៈ​ពេល​៦​ម៉ោង​ដើម្បី​មក​ប្រមូល​ផ្ដុំ​គ្នា​ស្វែងរក​យុត្តិធម៌​ឱ្យ​តារា​ចម្រៀង​ដែល​ពួក​ខ្លួន​ស្រលាញ់​ព្រម​ជាមួយ​នឹង​សម្រែក​ «យុត្តិធម៌​សម្រាប់​ Celine»។

​បើ​តាម​ការ​ផ្សាយ​ពី​ TMZ ពិធីករ​ទូរទស្សន៍​កាណាដា Julie Synder ដែល​បាន​ចូលរួម​នៅ​ក្នុង​បាតុកម្ម​លើក​នេះ​បាន​លើក​ឡើង​ថា​ក្រុម​របស់​ខ្លួន​មក​ទីនេះ​ដើម្បី​ចង់​ឱ្យ​ទស្សនាវដ្ដី​ចេញ​លិខិត​សុំ​ទោស​​ជា​ផ្លូវការ​ចំពោះ​តារា​ដែល​ខ្លួន​គាំទ្រ​។ «យើង​សង្ឃឹម​ថា​ Rolling Stone នឹង​ទទួល​ស្គាល់​កំហុស​។ មនុស្ស​យើង​គ្រប់​គ្នា​ជួន​កាល​ក៏​អាច​ប្រព្រឹត្ត​កំហុស​ដែរ​»។

ទស្សនាវដ្ដី​តន្ត្រី​របស់​អាមេរិក​មួយ​នេះ​បាន​ប្រកាស​ឈ្មោះ​តារា​ចម្រៀង​ឆ្នើម​គ្រប់​រដូវ​កាល​ពី​ថ្ងៃ​ទី​២ ដោយ​នៅ​ក្នុង​បញ្ជី​នោះ​មាន​តារា​ចម្រៀង​ល្បី​ជា​ច្រើន​រូប​មិន​មាន​ឈ្មោះ​ឬ​មាន​ឈ្មោះ​នៅ​បាត​តារាង​ ខណៈ​ Deline Dion ​គ្មាន​ឈ្មោះ​​ជាប់​នៅ​ក្នុង​បញ្ជី​ Top200 ដែល​ករណី​នេះ​ធ្វើ​ឱ្យ​តារា​និង​អ្នក​គាំទ្រ​ជា​ច្រើន​ហួស​ចិត្ត​​ជា​ខ្លាំង​។

តារា​សម្ដែង​ Yvette Nicole Brown បាន​រិះគន់នៅ​លើ​បណ្ដាញ​សង្គម​ចំពោះ​អ្នក​ដែល​រៀបចំ​តារាង​បញ្ជី​ឈ្មោះ​លើក​នេះ​ថា​ «ពួក​គេ​ដាក់​ចំណាត់​ថ្នាក់ Michael Jackson ទៅ​ដល់​លេខ​៨៦​ ហើយ​បែរ​ជា​គ្មាន​ឈ្មោះ​ Celine Dion នៅ​ក្នុង​បញ្ជី​។ Michael Jackson គួរ​តែ​ស្ថិត​នៅ​ Top3 ចំណែក​ Celine Dion យ៉ាង​ហោច​ណាស់​ក៏​ស្ថិត​នៅ​ក្នុង​ Top10 ដែរ​។

TMZ បាន​អះអាង​ថា​តារា​ចម្រៀង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ជា​ច្រើន​ដួង​មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​នោះ​ឡើយ​ ប៉ុន្តែ​នៅ​ពេល​ដែល​ទស្សនាវដ្ដី​ Rolling Stone ភ្លេច​រំលេច​ឈ្មោះ​របស់​ Celine Dion គឺជា​រឿង​ដែល​អត់​ប្រយោជន៍​​បំផុត។តារាចម្រៀង​ជនជាតិ​កាណាដា​គឺជា​អ្នក​ចម្រៀង​ដ៏ជោគជ័យ​បំផុត​ក្នុង​​ប្រវត្តិសាស្ត្រ​​តន្ត្រី​ Pop ជាមួយ​នឹង​ពាន​រង្វាន់​ Grammy Awards ចំនួន​៥​ ពាន​រង្វាន់​ AMA ចំនួន​៦ ពាន​រង្វាន់​ Billboard ចំនួន​៧​ និង​ពាន​រង្វាន់​ World Music ចំនួន​១២។ TMZ លើក​​ឡើង​ថា​ទោះ​យ៉ាង​ណា​ក៏​គួរ​តែ​មាន​ឈ្មោះ​តារា​សម្ដែង​ស្រី​រូប​នេះ​នៅ​ក្នុង​បញ្ជី​ដែរ​។

តារា​ចម្រៀង​ Celine Dion កើត​នៅ​ឆ្នាំ​១៩៦៨​ គឺ​ជាតារា​ចម្រៀង​​សញ្ជាតិ​កាណាដា​។ នាង​ត្រូវ​បាន​ចាត់​ចូល​ជា​តារា​ចម្រៀង​ Diva ដ៏​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ចំណោម​៣​របស់​ពិភពលោក​ រួម​ជាមួយ​នឹង​ Whitney Houston និង​ Mariah Carey។ តារា​រូប​នេះ​បាន​បញ្ចេញ​ចម្រៀង​ជា​ភាសា​អង់គ្លេស ​និង ​បារាំង​ដោយ​ក្នុង​នោះ​មាន​បទ​ចម្រៀង​ល្បី​ជា​ច្រើន​ដូចជា​ The Power of Love, Because You Loved Me, Where Does My Heart Beat Now និង​បទ​ចម្រៀង​ល្បី​ល្បាញ​ជា​អមតៈ My Heart Will Go On បទ​ចម្រៀង​អម​ភាព​យន្ត​ Titanic (1997) និង​ Beauty and the Beast។

កាល​ពី​ឆ្នាំ​២០១៦​ Billboard បាន​ប្រសិទ្ធិនាម​ឱ្យ​ Celine Dion គឺជាម្ចាស់​ក្សត្រី​រួម​សម័យ​ក្នុង​ពិភពតន្ត្រី​។ ក្រៅ​ពី​ចម្រៀង​តារា​រូប​នេះ​ធ្លាប់​បាន​បង្ហាញ​វត្តមាន​ក្នុង​ភាពយន្ត​ជាច្រើន​ ក៏​ដូចជា​មុខ​ជំនួញ​និង​សកម្មភាព​មនុស្ស​ធម៌​ជាមួយ​នឹង​អង្គការ​ជាច្រើន​។ កាល​ពី​ដើម​ខែ​ធ្នូ​តារា​ចម្រៀង​រូប​នេះ​បាន​ព្យួរ​សកម្មភាព​តន្ត្រីទេសចរណ៍​របស់​ខ្លួន​ព្រោះ​តែ​កើត​មាន​ជំងឺ​ម្យ៉ាង​ដែល​អត្រា​កើត​ជំងឺ​នេះ​ម្នាក់​ក្នុង​ចំណោម​១លាន​អ្នក​ ហើយ​ជា​ជំងឺ​មួយ​ពិបាក​ព្យាបាល​បំផុត។

ប្រភព៖ VnExpress Entertainment

Share.