អ្វីទៅជា FATF? គេបង្កើតឡើងដើម្បីអ្វី?

ពាក្យពេញរបស់ FATF គឺ Financial Action Task Force on money laundering មានន័យថា ក្រុមការងារហិរញ្ញវត្ថុអន្តរជាតិប្រឆាំងការសម្អាតប្រាក់។

គេបង្កើតក្រុមការងារនេះឡើងនៅឆ្នាំ ១៩៨៩ ដែលជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមរបស់ក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន G7 គោលបំណងនៃការបង្កើតក្រុមនេះ គឺដើម្បីឃ្លាំមើលការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម ដែលខុសច្បាប់ ហើយមូលដ្ឋានរបស់ FATF គឺស្ថិតនៅទីក្រុង ប៉ារីស ប្រទេស បារាំង។

FATF មានប្រទេសជាសមាជិកប្រមាណជា ៤០ប្រទេស ក្នុងនោះរួមមានទាំងប្រទេស កម្ពុជា ផងដែរ។ ប្រទេស កម្ពុជា ត្រូវបានចាត់ទុកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (APG) ហើយស្ថិតនៅក្នុងបញ្ជីពណ៌ប្រផេះជាមួយនឹងក្រុមប្រទេសមួយចំនួនទៀតដូចជា ហ្វីលីពីន ស៊ីរី យេម៉ែន អេមីរ៉ាត់អារ៉ាប់រួម អ៊ូហ្គង់ដា ម៉ារុក ហ្សាម៉ាអ៊ីក ប៊ូគីណាហ្វាសូ និង ស៊ូដង់ខាងត្បូង រួមទាំងជម្រកពន្ធនៃកោះបាបាដូស កោះកៃម៉ាន និង កោះប៉ាណាម៉ា ផងដែរ។

ប្រទេស កម្ពុជា ហ្វីលីពីន ត្រូវបានចាត់ទុកថា ជាប្រទេសក្នុងតំបន់អាស៊ានដែលស្ថិតនៅក្នុងបញ្ជីពណ៌ប្រផេះ ខណៈមីយ៉ាន់ម៉ា គឺជាប្រទេសទី១ ក្នុងតំបន់អាស៊ានដែលជាប់ក្នុងបញ្ជីពណ៌ខ្មៅ របស់ក្រុមការងារហិរញ្ញវត្ថុអន្តរជាតិប្រឆាំងការសម្អាតប្រាក់។​

យ៉ាងណាម៉ិញប្រទេសដែលស្ថិតក្នុងបញ្ជីពណ៌ប្រផេះ គឺមិនទាន់ត្រូវទទួលបានការដាក់ទណ្ឌកម្មអ្វីនោះទេ តែប្រសិនបើប្រទេសណាដែលធ្លាក់ចូលទៅក្នុងបញ្ជីពណ៌ខ្មៅ នោះក្រុមប្រទេសទាំងនោះនឹងត្រូវទទួលការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ ឬ ត្រូវបង្កកប្រាក់នៅធនាគារទាំងក្នុង និង ក្រៅប្រទេស ការហាមប្រាមទាំងស្រុងពីទីផ្សារបរទេស ខូចកេរ្តិ៍ឈ្មោះ និង ការអនុវត្តពន្ធកាត់ទុកក្នុងអត្រាខ្ពស់លើការទូទាត់។

សូមជម្រាបថា នាព្រឹកថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣នេះ ក្រុមការងារហិរញ្ញវត្ថុអន្តរជាតិ ប្រឆាំងការសម្អាតប្រាក់ នឹងចូលជួបសម្ដែងការគួរសម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅវិមានសន្តិភាព។ ក្រោយជួបសម្ដែងការគួរសមជាមួយសម្ដេចនាយករដ្ឋមន្រ្តី ប្រតិភូនឹងបន្តជួបពិភាក្សាការងារទ្វេភាគីជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងការសម្អាតប្រាក់៕

ប្រភព៖ Google

Share.