សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈទំព័រហ្វេសប៊ុកនៅប៉ុន្មាននាទីមុននេះ បានបញ្ជាក់ជូនសាធារណៈអំពីករណីលោកស្រីឧកញ៉ា សៀង ចាន់ហេង បន្ទាប់ពីនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ មានការចែកផ្សាយ ស.ជ.ណ របស់ទីស្ដីការគណៈរដ្ឋមន្រ្តីដែលរាជរដ្ឋាភិបាលបញ្ជាឱ្យសមត្ថកិច្ចនាំខ្លួនលោកស្រីឧកញ៉ាចូលតុលាការ ក្នុងករណីប្រើប្រាស់ឯកសារក្លែងក្លាយដើម្បីកាន់កាប់ដីធ្លីនៅខេត្តកណ្ដាល។

បើតាមសម្ដេចតេជោ ហ៊ុន សែន ក្រោយពីទីស្ដីការគណៈរដ្ឋមន្រ្តីចេញ ស.ជ.ណ តាមសំណើរសម្តេចក្រឡាហោម និងការសម្រេចរបស់សម្ដេចផ្ទាល់កាលពីថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២២នោះ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ លោកស្រីឧកញ៉ា សៀង ចាន់ហេង បានស្នើសុំមកសម្ដេច ហើយសម្ដេចក៏បានប្រគល់ករណីនេះជូនឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្តល់មតិ ដោយឯកសារនោះមិនត្រូវបានចេញផ្សាយទេ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានបន្តក្នុងសំណេរដើមលើទំព័រហ្វេសប៊ុកថា «ដើម្បីបញ្ចប់ភាពមិនច្បាស់លាស់មុនពេលឯកឧត្តម ជា សុផារ៉ា ផ្តល់មតិ ខ្ញុំសម្រេចលប់ចោល ស.ជ.ណ លេខ១៨មយ [ចុះហត្ថលេខា] ថ្ងៃទី៥ មករា ២០២៣ ចាប់ពីម៉ោងនេះតទៅ។ ការសម្រេចយ៉ាងណាទៀត និងធ្វើក្រោយពេលឯកឧត្តម ជា សុផារ៉ា ផ្តល់មតិ»។

សូមបញ្ជាក់ថាតាម ស.ជ.ណ របស់ទីស្ដីការគណៈរដ្ឋមន្រ្តី លោកស្រីឧកញ៉ា សៀង ចាន់ហេង អគ្គនាយកក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងត្រូវបានសាធារណៈស្គាល់ច្រើនតាមរយៈសកម្មភាពសង្គម និងសាសនានោះ មានវិវាទដីធ្លីជាមួយលោកស្រី ហ៊ុន ប៊ុនធឿន និងលោក ហៀវ លន់ នៅស្រុកស្អាងខេត្តកណ្ដាល។ ស.ជ.ណ បានអះអាងពីភាពត្រឹមត្រូវនៃការកាន់កាប់ដីធ្លីរបស់អ្នកទាំងពីរ និងបានបញ្ជាឱ្យសមត្ថកិច្ចនាំខ្លួនលោកស្រីឧកញ៉ាទៅតុលាការ។

យ៉ាងណាក៏ដោយលោកស្រីឧកញ៉ាមិនត្រូវបានតុលាការចាប់ខ្លួនទេ ហើយស្ថានភាពនេះដូចគ្នានឹងកិច្ចអន្តរាគមន៍របស់សម្ដេចដូចដែលត្រូវបានបញ្ជាក់លើកទំព័រហ្វេស៊បុកនៅថ្ងៃនេះដែរ។ គួរកត់សម្គាល់ថានៅ២ថ្ងៃក្រោយ ស.ជ.ណ សម្រេចឱ្យនាំខ្លួន គឺនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ លោកស្រីឧកញ៉ា សៀង ចាន់ហេង បានបង្ហាញវត្តមានប្រារព្ធកិច្ចសាសនា និងពិធីអបអរទិវាជ័យជម្នះ៧មកានៅលើតំបន់អភិវឌ្ឍរបស់ខ្លួនក្នុងស្រុកឧដុង្គជាធម្មតា។ នេះបើតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោកស្រីឧកញ៉ា។

លោកស្រីឧកញ៉ា សៀង ចាន់ហេង មានតួនាទីក្នុងវិស័យព្រះពុទ្ធសាសនា ជាឧត្តមទីប្រឹក្សាផ្ទាល់ សម្តេចព្រះ​អភិ​សិរី​សុ​គ​ន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី​ សម្ដេចព្រះមហាសង្ឃរាជ​ នៃគណៈ​ធម្ម​យុត្តិក​និកាយ​នៃព្រះរាជាណាចក្រកម្ពុជា ដោយមាន​ងារជា «នាងវិសាខាអគ្គមហា​ឧបាសិ​កាពុទ្ធ​សាស​នូប​ត្ថម្ភក៍»។ ដោយសារជាអ្នកជំនួញលេចធ្លោដែរនោះ លោកស្រីឧកញ៉ា ក៏ស្ថិតក្នុងចំណោមអ្នកជំនួញដែលឧស្សាហ៍មានឈ្មោះលើទំព័រកាសែតក្នុងករណីដីធ្លី។

សម្រាប់កិច្ចការសង្គម និងសាសនាវិញ លោកស្រីឧកញ៉ាដែលមានជំនឿខ្លាំងក្នុងព្រះពុទ្ធសាសនា និងព្រហ្មមញ្ញសាសានាមួយរូបនៅកម្ពុជា បានចូលរួមចំណែកជួយសង្គមជាតិច្រើន ដូចជាការឧត្ថម្ភគ្រួសារក្រីក្រ ការកសាងហេដ្ឋារចនាសម្ពន្ធសាធារណៈ ផ្លូវ ស្ពាន ស្ពានអាកាស និងសំណង់សាសនាជាច្រើនកន្លែង ខណៈក្នុងវិស័យវប្បធម៌វិញក៏មានមុខស្រ្តីរូបនេះចូលរួមចំណែកជួយជ្រោមជ្រែងផងដែរ៕

Share.