យោងតាមការចុះផ្សាយរបស់ Marca សារព័ត៌មានអេស្ប៉ាញ បានចុះផ្សាយថាស្តេចបាល់ទាត់​សទវត្ស​ទី​២១ គឺខ្សែប្រយុទ្ធ Lionel Messi និង Cristiano Ronaldo ត្រៀមប៉ះគ្នាសារជាថ្មី ក្នុងជំនួបមិត្តភាពអន្តរជាតិ នៅប្រទេស​​អា​រ៉ា​ប៊ី​សា​អូឌីត នៅ​ថ្ងៃទី​១៩ ខែមករា ខាងមុខនេះ។

ចាប់តាំងពីខ្សែប្រយុទ្ធ Cristiano Ronaldo ​ផ្លាស់​មកកាន់ Saudi Professional League ឬ Saudi Pro League ​លី​គ​កំពូលរបស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត គ្រប់គ្នានៅមិនទាន់ឃើញកីឡាករវ័យ ៣៧ឆ្នាំរូបនេះបង្ហាញខ្លួននៅឡើយនោះទេ។

មូលហេតុដែល Ronaldo មិនទាន់អាចបង្ហាញខ្លួនឲ្យក្លិប Al Nassr បានគឺដោយសារតែ​សហព័ន្ធ​បាល់ទាត់​អង់គ្លេសហៅកាត់ថា «FA» ​ពិន័យចំនួន២ប្រកួត ត្រង់ចំណុច CR7 បោកទូរសព្ទអ្នកគាំទ្រវ័យក្មេងម្នាក់របស់ក្លិប Everton ពេលដើរចេញពីទីលាន Goodison Park កាលពី​ខែមេសា ឆ្នាំ​២០២២​។​

យ៉ាងណាមិញ Ronaldo ​ត្រូវបាន​គេ​រំពឹងថា​នឹងអាចបង្ហាញខ្លួនលើកដំបូងទល់នឹង PSG ក្នុងជំនួប​មិត្តភាព «ដំណើរទេសចរណ៍បែបប្រពៃណីក្នុងរដូវរងា – Traditional Winter Tour» ដែលជាការ​រៀបចំឡើង​បញ្ចូល​គ្នា​ដោយ​កីឡាករ​មកពី​ក្លិប Al Nassr និង​ក្លិប Al Hilal ក្នុង​ទីក្រុង Riyadh នៅ​ថ្ងៃទី​១៩ ខែមករា ខាងមុខនេះ​។

ដូច្នេះ Lionel Messi សមាជិករបស់ Paris Saint-Germain ប៉ះគ្នាជាមួយ Cristiano Ronaldo សមាជិករបស់ក្រុមរួមបញ្ចូលគ្នារវាង Al Nassr និង Al Hilal ច្បាស់ជាកក្រើតនៅទឹកដីអា​រ៉ា​ប៊ី​សា​អូឌីត ជាក់ជាមិនខាន ហើយនេះក៏អាចជាការប៉ះគ្នាលើកចុងក្រោយផងដែរ។

គួរដឹងថាក្លិប Al-Nassr ដែល Cristiano Ronaldo ចូលរួមគឺស្ថិតនៅលីគកំពូល Saudi Professional League ឬ Saudi Pro League របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៧៦ ពោលគឺមានអាយុកាល ៤៦ឆ្នាំ។ ខណ:រដូវកាលមុន (២០២១-២០២២) ម្ចាស់ជើងឯកបានទៅក្រុម Al-Hilal ដែលជាក្រុមជោគជ័យបំផុតនៅលីគមួយនេះសរុប១៨សម័យកាល។

សម្រាប់ថ្លៃនឿយហត់ដែលក្លិប Al-Nassr នឹងផ្តល់ជូនខ្សែប្រយុទ្ធ Cristiano Ronaldo ក្នុងមួយឆ្នាំមាន៖
– ១៧៩ លានអឺរ៉ូក្នុងមួយឆ្នាំ
– ១៤,៩១៦,៦៦៧ លានអឺរ៉ូក្នុងមួយខែ
– ៣,៤៤២,៣០៨ លានអឺរ៉ូក្នុងមួយសប្តាហ៍
– ៤៩០,៤១១ អឺរ៉ូក្នុងមួយថ្ងៃ
– ២០,៤៣៤ អឺរ៉ូក្នុងមួយម៉ោង
– ៣៤១ អឺរ៉ូក្នុងមួយនាទី
– ៥.៦ អឺរ៉ូក្នុងមួយវិនាទី៕

Share.