មន្រ្តីអង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃ អង្គារ ថា ប្រទេសនានាគួរតែពិចារណាណែនាំអ្នកដំណើរពាក់ម៉ាស់ នៅលើជើងហោះហើរផ្លូវឆ្ងាយ ដោយសារតែការរីករាលដាលយ៉ាងឆាប់រហ័សនៃប្រភេទ Omicron ចុងក្រោយបង្អស់នៃជំងឺកូវីដ១៩ បានរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងទឹកដីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ CNA នាថ្ងៃ ពុធ ទី ១១ ខែ មករា ឆ្នាំ ២០២៣។

មន្រ្តីអង្គការសុខភាពពិភពលោក និង អឺរ៉ុប បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ទម្រង់បំប្លែងខ្លួនថ្មី XBB.1.5 ត្រូវបានរកឃើញក្នុងចំនួនតិចតួច ប៉ុន្ដែបានកើនឡើងជាប្រចាំ។

ដោយឡែកមន្រ្តីសង្រ្គោះបន្ទាន់ជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក ប្រចាំទ្វីបអឺរ៉ុប លោកស្រី Catherine Smallwood បាននិយាយថា អ្នកដំណើរគួរតែត្រូវបានណែនាំឲ្យពាក់ម៉ាស់នៅកន្លែងដែលមានហានិភ័យខ្ពស់ ដូចជាជើងហោះហើរណាដែលមានផ្លូវឆ្ងាយជាដើម ដោយបន្ថែមថា នេះគួរតែជាការណែនាំដែលចេញដល់អ្នកដំណើរដែលមកពីគ្រប់ទីកន្លែងដែលមានការរីករាលនៃជំងឺកូវីដ១៩។

មន្រ្តីសុខាភិបាលបាននិយាយថា ទម្រង់ XBB.1.5 ជាប្រភេទរងរបស់មេរោគ Omicron ដែលអាចឆ្លងបានច្រើនបំផុតដោយត្រូវបានរកឃើញរហូតមកដល់ពេលនេះ មានចំនួន ២៧.៦ភាគរយ នៃករណីកូវីដ១៩ នៅសហរដ្ឋអាមេរិក។

វានៅតែមិនច្បាស់ទេថា តើទម្រង XBB.1.5 នឹងបង្កឲ្យមានរលកនៃការឆ្លងជាសកលដែរឬអត់ទេ។ អ្នកជំនាញនិយាយថា វ៉ាក់សាំងបច្ចុប្បន្ននៅតែបន្ដការពារប្រឆាំងនឹងរោគសញ្ញាធ្ងន់ធ្ងរ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និង ការស្លាប់។

លោកស្រី Smallwood បាននិយាយថា បណ្ដាប្រទេសនានា ត្រូវពិនិត្យមើលមូលដ្ឋានភស្ដុតាង សម្រាប់ការធ្វើតេស្ដមុនពេលចេញដំណើរ ដោយបន្ថែមថា វាជារឿងសំខាន់ដែលមិនត្រូវផ្ដោតទាំងស្រុង លើតំបន់ភូមិសាស្រ្តជាក់លាក់ណាមួយនោះទេ៕

ប្រភព៖ CNA

Share.