ក្រុមជម្រើសជាតិថៃ នឹងជួបក្រុមវៀតណាម នៅវគ្គផ្ដាច់​ព្រ័ត្រពានរង្វាន់ AFF Mitsubishi Electric Cup 2022 ជាលើកទី២ បន្ទាប់ពីខកខានជួបគ្នានៅវគ្គនេះ១០ឆ្នាំ ដោយ​ជួប​លើក​ទី១នៅឆ្នាំ២០០៨។

ជំនួនលើកទី១នៅវគ្គផ្ដាច់​ព្រ័ត្រពាន AFF Championship ឆ្នាំ២០០៨ ក្រុមវៀតណាម បាន​យក​ឈ្នះ​លើ​ក្រុមថៃ​ក្នុង​លទ្ធផល ៣-២ សរុបទាំងពីរជើង។ ដោយជើងទី១ វៀតណាមឈ្នះថៃ ២-១ និងជើងទី២ ក្នុងលទ្ធផល ១-១ សរុបទាំងពីរជើង វៀតណាម ៣-២ ថៃ។

នេះជាការឡើងទៅវគ្គផ្តាច់ព្រ័ត្រលើកទី១០ របស់ក្រុមជម្រើសជាតិថៃ និងជាកំណត់ត្រា​ច្រើន​ជាង​គេ​បំផុតបើប្រៀបទៅក្រុមដទៃទៀតក្នុងតំបន់អាស៊ាន ៩លើកកន្លង​មក ឈ្នះ៦ ចាញ់៣។ ខណ:វៀតណាម​ឡើង​ទៅវគ្គ​ផ្តាច់​ព្រ័ត្រនេះជាលើកទី៤ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ៣លើកកន្លង​មក ឈ្នះ២ ចាញ់១។

ការប្រកួតផ្តាច់ព្រ័ត្ររវាងក្រុម​ទាំងពីរ នឹងធ្វើឡើងពីរជើងដោយជើងទីមួយនៅទឹកដីវៀតណាម នៅកីឡដ្ឋាន My Dinh ថ្ងៃទី១៣ ខែមករា និងជើងទីពីរនៅទឹកដីថៃ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក្នុងកីឡដ្ឋាន Thammasat៕

Share.